ទីក្រុងប៉េកាំង៖ លោកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់១៥ ខែឧសភា។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ គេរំពឹងថានៅក្នុងឱកាសនោះ លោកដូណាល់ត្រាំនឹងពិភាក្សាជាមួយលោកស៊ីជីនពីងអំពីបញ្ហាសំខាន់ៗជាច្រើនរួមទាំងបញ្ហាអ៊ីរ៉ង់ និងបញ្ហាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ផងដែរ។ ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងនៅទីទើរៗពាក់ព័ន្ធនឹងបញ្ហាជម្លោះពាណិជ្ជកម្ម, បញ្ហាជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា និងបញ្ហាកោះតៃវ៉ាន់។

ពីដំបូងដៃ លោកត្រាំចង់ទៅប្រទេសចិនតាំងពីចុងខែមីនា ឬដើមខែមេសាមកម៉្លេះ។ ប៉ុន្តែក្រោយមក លោកសម្រេចពន្យារពេលវិញដោយសារសង្គ្រាមផ្ទុះឡើងនៅអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថាតបតាមការអញ្ជើញពីលោកស៊ីជីនពីង លោកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី១៣ដល់១៥ ខែឧសភា។ គិតទៅរយៈពេលជាង៦ខែហើយដែលលោកទាំង២ខានជួបមុខគ្នាដោយផ្ទាល់។

លោកត្រាំនឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធមុនពេលការពិភាក្សាគ្នាជាផ្លូវការចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។ គេរំពឹងថាអាមេរិក និងចិននឹងឯកភាពគ្នាទៅលើក្របខណ្ឌការងារដើម្បីជួយសម្របសម្រួលបញ្ហាពាណិជ្ជកម្ម និងវិនិយោគ។ គេរំពឹងទៀតថាប្រទេសចិននឹងប្រកាសអំពីគម្រោងទិញបន្ថែមទៀតពីអាមេរិកនូវយន្តហោះម៉ាកបូអ៊ីង, កសិផល និងថាមពល។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលប្រទេសទាំង២។

ប្រទេសទាំង២ក៏នឹងពិភាក្សាគ្នាផងដែរអំពីការបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មដើម្បីឱ្យប្រទេសចិនអនុញ្ញាតឱ្យនាំចេញរ៉ែកម្រទៅប្រទេសអាមេរិក។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើកិច្ចព្រមព្រៀងនេះនឹងបន្តសុពលភាពនៅសប្ដាហ៍នេះ ឬយ៉ាងណាទេ។ កិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីរដូវស្លឹកឈើជ្រុះ ហើយនៅជាធរមាននោះអាចនឹងបន្តសុពលភាពទៀត។ មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាកិច្ចព្រមព្រៀងនោះមិនទាន់ផុតសុពលភាពនៅឡើយទេ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ