រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូបណ្តាលឲស្លាប់០២នាក់របួសធ្ងន់០១នាក់ កាលពីវេលាម៉ោង០២នឹង៣០នាទីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១១៣ ប្រសព្វផ្លូវ៦១៦ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពកន្លែងកើតហេតុបានបញ្ជាក់ថា ម៉ូតូ ADV ពណ៌ ប្រផេះ ពាក់ ផ្លាកលេខ ភ្នំពេញ 1JU.3411 ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បាន..បុ.ក ជាមួយម៉ូតូមួយគ្រឿងម៉ាក DRAEM ពណ័ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KB.8443 ធ្វើដំណើរតាមបណ្តោយផ្លូវ៦១៦ ទិសដៅពីជើងទៅត្បូង បុកគ្នាពេញទំហឹងបណ្ដាលឲ្យមានអ្នកស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
តាមប្រភពពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាក HONDA ADV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ IIU-3411 បើកបរដោយឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រី គ ជ ប អ មានទីលំនៅផ្ទះលេខ២៦សេ ផ្លូវលេខ១៣៤ ភូមិ៨ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦១៦ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវលេខ១១៣ ក្នុងទិសដៅពីជើងទៅត្បូង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ IKB-8443 បើកបរដោយឈ្មោះ ខៀវ ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិទន្លេលើ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងរួមដំណើរជាមួយឈ្មោះ យ៉ន វិរះបុត្រ ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកព្រៃវែង ខេត្តព្រៃវែង ។
ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA ADV រងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូDRAEM និងអ្នករួមដំណើរ បានស្លាប់ទាំង២នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ.។ ដោយឡែក ម៉ូតូរងការខូចខាតយ៉ាងដំណំទាំង២គ្រឿង ។
បច្ចុប្បន្ន វត្ថុតាងម៉ូតូទាំង២គ្រឿងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕








ចែករំលែកព័តមាននេះ