រាជធានីភ្នំពេញ ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ១ ៤០០នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៦ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១១ ខែឧសភា ថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ១ ៤០០នាក់បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ ។

លោកបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋបានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ២៦នាក់ ចំណែកអ្នកជាប់ការងារសរុប ១៣២នាក់ ពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន ។
លោក ស៊ុន មេសា សង្កត់ធ្ងន់ថា៖ «ការបន្តចុះវេទិកាការងារនៅតាមខេត្តនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជាសេនាធិការ ក្នុងការផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីកែសម្រួលជីវភាពបន្ថែមទៀត ដូច្នេះ សូមប្រជាពលរដ្ឋ និងបងប្អូនអតីតពលករចូលរួមវេទិកាការងារនេះឱ្យបានច្រើនកុះករ» ។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។

សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៦០៣លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងបងប្អូនអតីត ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ