ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ លើកទឹកចិត្ត​បងប្អូន​ប្រកប​មុខរបរ​ និង​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ងាក​មក​ចាប់ ​ឱកាស​ការងារ​ក្នុង​ប្រព័ន្ធ​ ដើម្បី​ទទួល​​អត្ថប្រយោជន៍​ កាន់តែ​ប្រសើរ​ពី​ប.ស.ស

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​រួម​គ្នា​លើកកម្ពស់​ការងារ​សមរម្យ​ក្នុង​បរិបទ​ឌី​ជី​ថ​ល​…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​រួម​គ្នា​លើកកម្ពស់​ការងារ​សមរម្យ​ក្នុង​បរិបទ​ឌី​ជី​ថ​ល​ សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» នា​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដោយ​ឯកឧត្តម​បាន​ផ្តល់​នូវ​ជម្រើស​ឱ្យ​បងប្អូន​កំពុងធ្វើការ​ក្នុ​ប្រកប​មុខរបរ​និង​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ចុះ​ឈ្មោះ​ធ្វើការ​នៅ​រោងចក្រ សហគ្រាស​ក្នុង​ប្រព័ន្ធ​ឱ្យ​បានជា​អតិបរមា ដែល​បច្ចុប្បន្ន​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជាង ៩​ម៉ឺន​កន្លែង​ ។

ថ្លែង​ក្នុង​ពិធី​ដែល​មាន​អ្នកចូលរួម​ជាង ២៥០​នាក់ ជា​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សង្គម​ស៊ី​វិល សហជីព ដៃគូ​អភិវឌ្ឍន៍ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សម្រាប់​បងប្អូន​កម្មករនិយោជិត​ក្នុង​និង​ក្រៅ​ប្រព័ន្ធ គឺជា​ការ​រំលឹក​និង​ដាស់តឿន​ដល់​បុគ្គល ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អ្នក​ធ្វើ​គោលនយោបាយ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ី​វិល​ឱ្យ​ដឹង​ពី​សិទ្ធិ​មូលដ្ឋាន ក្នុង​វិស័យ​ការងារ និង​មុខរបរ ព្រមទាំង​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ ឬ​អ្នកធ្វើការ​ងារ​ទទួល​បាន​អត្ថប្រយោជន៍​សមរម្យ​មួយ​ក្នុង​សង្គម​ ។ បន្ថែម​ពី​នេះ វេទិកា​នេះ​ក៏​ជា​ការ​ពង្រឹង​កិច្ច​សន្ទនា​សង្គម​រវាង រាជរដ្ឋាភិបាល សមាគម សហជីព និង​សង្គម​ស៊ី​វិល សំដៅ​ផ្លាស់​ប្ដូរ​យោបល់​និង​ជំរុញ​គោលនយោបាយ ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​របស់​កម្មករនិយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ។

នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ដែល​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​ចង់ឱ្យ​ពលរដ្ឋ​មាន​ត្រឹមតែ​ការងារ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ត្រូវជា​ការងារ ដែល​អាច​បង្កើន​បំ​ណិ​ន បង្កើន​សមត្ថភាព​ខ្លួនឯង និង​ជា​ការងារ ដែល​មាន​ផលិតភាព​កាន់តែ​កើន​ប្រាក់ខែ​ក៏​កាន់តែ​ខ្ពស់ ជីវភាព​ក៏​កាន់តែ​ល្អ​ប្រសើរ និង​មាន​ប្រព័ន្ធ​គាំពារ​សង្គម​រឹង​មាំ​សម្រាប់​បងប្អូន​កម្មករនិយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ ។

រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​ ដោយ​ជោគជ័យ​នូវ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន ដែល​បាន​ក្លាយជា​«​សំណាញ់​សុវត្ថិភាព​សង្គម​ដ៏​រឹង​មាំ​»​សម្រាប់​ជួយ​គាំពារ​កម្មករនិយោជិត​។ ក្នុង​ខណៈ​ពេល​ដែល ប​.​ស​.​ស​. កំពុង​អនុវត្ត​យ៉ាង​សកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​វិសាលភាព​ដោយ​សម្រេច​បាន​លទ្ធផល​ការងារ​គួរ​ឱ្យ​កត់សម្គាល់ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ថា គោលដៅ​រួម​នា​ពេល​នេះ គឺ​ចង់​ជួយ​បងប្អូន​ប្រកប​មុខរបរ​និង​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ធ្លាប់​លំបាក​ឱ្យ​ក្លាយ​ទៅ​ក្នុង​ប្រព័ន្ធ​វិញ ដើម្បី​មាន​លទ្ធភាព​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​។ ចំពោះ​បងប្អូន​កម្មករនិយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​តាម​សហគ្រាស សិប្បកម្ម​តូច​ៗ​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​នៅ​ក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យទៅ​ចុះ​ឈ្មោះ តាម​ថ្នាល​ឌី​ជី​ថ​ល​ដែល​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​និង​កំពុង​សម្រួល​ជូន ហើយ​ប្រសិនបើ​ចង់​ចូល​ធ្វើការ​នៅ​តាម​រោងចក្រ សហគ្រាស ឬ​ចង់​រៀន​ជំនាញ​បច្ចេកទេស សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ Hotline របស់​ក្រសួង ១២៩៧​ ។

បន្ថែម​ពី​នេះ បងប្អូន​ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ចង់បាន​មុខរបរ​បន្ថែម អាច​ទាក់ទង​ទៅ វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​នៃ​ក្រសួង​ការងារ ដើម្បី​ធ្វើការ​កែ​ច្នៃ​ដាក់​ឧបករណ៍​លាង និង​ថែទាំ​ម៉ាស៊ីនត្រជាក់​ក្នុង​ទិស​ដៅ​រក​ចំណូល​បន្ថែម​ ។ រីឯ​សិស្ស​ដែល​បោះបង់​ការ​សិក្សា​ក៏​អាច​ចូល​រៀន​កម្មវិធី TVET ១,៥​លាន​នាក់​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ជា​សមាជិកសមាគម IDEA កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ខិតខំ​ចូលរួម​ចំណែក​កាន់តែ​សកម្ម​បន្ថែម​ទៀត​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ និង​អំពាវនាវ​ឱ្យ​បន្ត​សហការ​គ្នា​ ក្នុង​សា្មរ​តី​យោគយល់​ខ្ពស់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បំពេញការងារ ចូលរួម​ផ្សព្វផ្សាយ​គោលការណ៍ និង​គោលនយោបាយ​នានា​ផង​ដែរ​ ។

លោក វន់ ពៅ ប្រធាន​សមាគម IDEA និង​លោក តាន់ វិសាល តំណាង​អង្គការ​អុក​ស្វា​ម (Oxfam) បាន​កោតសរសើរ​ចំពោះ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​សម្រាប់​គាំទ្រ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បាន​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ពួក​គាត់​ដែល​ជា​«​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​» និង​ពី​បញ្ហា​ប្រឈម ​ដូច​ជា​ហានិភ័យ​សុវត្ថិភាព និង​សុខភាព​ការងារ​ផង​ដែរ ​៕ អត្ថបទសហការ