រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិជ្រាប អំពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រ ជាមួយប្រទេសថៃ គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងឥតប្រែប្រួលទាល់តែសោះ អំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ជំហរដោះស្រាយបញ្ហាព្រំដែនគោក តាំងពីមុនរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងឥតប្រែប្រួល ទាល់តែសោះ អំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់ នោះគឺជាជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ។
លោកថា ជំហរនេះ ត្រូវបានបញ្ជាក់ឡើងវិញ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅឯកិច្ចប្រជុំត្រីភាគី រវាងហ្វីលីពីន-កម្ពុជា-ថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ។
ជាក់ស្តែង នៅក្រោយជំនួបនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់តាមរយៈសន្និសីទកាសែតរួមគ្នាថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញ ជាបន្ទាន់ នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយគ្មានការពន្យារពេលបន្តទៀតឡើយ ។
សម្តេចធិបតី ជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានា បញ្ចប់ការបង្កើតអង្គហេតុ សម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះ ក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូអង្វែងរវាងប្រទេសទាំងពីរ ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចុះអនុវត្តការងារលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧ គ.ម. នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរ បានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែងប្រមាណ ៨.៣ គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងសរុបចំនួន ១៦៦ បង្គោលបណ្តោះអាសន្ន ។
ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរ បានសន្យាថា នឹងបន្តវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែង ជាបន្តទៀត។ ដូច្នេះ អ្វីដែលកម្ពុជាចង់បាន គឺក្រុមការងារចម្រុះ នៃភាគីទាំងពីរបន្តធ្វើការងារ ដែលបានធ្វើកាលពីពេលកន្លងទៅដោយគ្មានបង្អែរបង្អង់ ។
លោកក៏បានលើកឡើងអំពីគោលជំហរដោះស្រាយព្រំដែនសមុទ្រ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រ ត្រួតគ្នា រវាងកម្ពុជា និងថៃ។ ជំហរបែបនេះ ត្រូវបានប្រកាសជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីគណៈរដ្ឋមន្ត្រីថៃ អនុម័តដកខ្លួនពីអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44 ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរនេះប្រាប់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដោយផ្ទាល់នៅឯជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។
ភាគីថៃ បានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នា ប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ រួចហើយ ។
បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហររបស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាជាមួយភាគីថៃ ដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយ ក្រោយពេលភាគីថៃ លុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជា និងថៃ ត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ ។
ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺ ព្រឹទ្ធសភា និងរដ្ឋសភា ៕
ចែករំលែកព័តមាននេះ