ទីក្រុងតេអេរ៉ង់៖ អាមេរិក និងអ៊ីរ៉ង់បាញ់គ្នាទៅវិញទៅមកឈានចូលដល់ថ្ងៃទី២គិតទាំងថ្ងៃនេះទៀត។ លោកដូណាល់ត្រាំសច្ចាថានឹងវាយប្រហារកាន់តែខ្លាំងក្លាថែមទៀតប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពឆាប់ៗនេះទេ។ ការកើតមានអរិភាពកាន់តែខ្លាំងឡើងៗនេះចាប់ផ្ដើមឡើងនៅសប្ដាហ៍នេះដោយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រម៉ាកអាប៉ាឈី (Apache) មួយគ្រឿងរបស់អាមេរិកក្បែរច្រកសមុទ្រហ័រម៉ូស។ នោះហើយជាការដុតបញ្ឆេះការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីរ៉ង់ និងអាមេរិក។

ព្រឹត្តិការណ៍ប្រយុទ្ធគ្នាលើកនេះជាការគំរាមកំហែងខ្លាំងបំផុតសម្រាប់បទឈប់បាញ់ដ៏ផុយស្រួយដែលភាគីទាំង២សម្រេចបានកាលពីខែមេសា។ ឥឡូវនេះ ក្ដីសង្ឃឹមថាសង្គ្រាមអាចនឹងបិទបញ្ចប់ទៅវិញឆាប់ៗនេះហាក់ដូចជាគ្មានផ្លូវទេ។ យោធាអាមេរិកថ្លែងថាការវាយប្រហាររបស់ខ្លួនលើកចុងក្រោយបំផុតនេះសំដៅលើប្រព័ន្ធសង្កេតការណ៍ ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធការពារដែនអាកាសនៅទូទាំងប្រទេសអ៊ីរ៉ង់។ នេះជាការឆ្លើយតបទៅអ្វីដែលខ្លួនហៅថាអំពើឈ្លានពានរបស់អ៊ីរ៉ង់។

លោកត្រាំថ្លែងប្រាប់ទូរទស្សន៍ហ្វក់ថាអាមេរិកអាចនឹងឈប់វាយប្រហារឆាប់ៗនេះក៏បានដែរ ប៉ុន្តែលោកនឹងបន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាប្រសិនបើថ្នាក់ដឹកនាំអ៊ីរ៉ង់មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្ទាន់ទេ។ គ្រាន់តែឮសម្ដីនេះភ្លាម តម្លៃប្រេងឆៅឡើងថ្លៃ៣ដុល្លារក្នុងមួយបារ៉ែល។ យោធាអាមេរិកប្រកាសថាការវាយប្រហាររបស់ខ្លួនបានបិទបញ្ចប់ទៅវិញហើយបន្ទាប់ពីបើកប្រតិបត្តិការរយៈពេល៤ម៉ោងដោយចាប់ផ្ដើមកាលពីពេលពាក់កណ្ដាលអធ្រាត្រ។ ឆ្មាំបដិវត្តឥស្លាមថ្លែងថាខ្លួនបានវាយបកវិញទៅលើទីតាំង១៨កន្លែងរបស់យោធាអាមេរិកនៅតាមមូលដ្ឋានកងទ័ពអាកាសប្រចាំប្រទេសគុយវែត បារ៉ែន និងកងនាវាចរណ៍ទី៥របស់អាមេរិកប្រចាំប្រទេសបារ៉ែនផងដែរ។

ក្រោយមក ឆ្មាំបដិវត្តថ្លែងថាខ្លួនក៏វាយប្រហារមូលដ្ឋាននៅប្រទេសហ្សកដង់ឈានចូលដល់ថ្ងៃទី២ផងដែរដោយប្រើប្រាស់មីស៊ីលបលលីសស្ទីក១២គ្រាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារ៉ែនថ្លែងថាកុមារីអាយុ១១ឆ្នាំម្នាក់រងរបួសស្រាល ចំណែករថយន្តជាច្រើនគ្រឿងឆេះ ផ្ទះរបស់ប្រជាជនរងការខូចខាតនៅទីក្រុងហាម៉ាត (Hamad) និងនៅរដ្ឋធានីម៉ាណាម៉ា (Manama)។ ដ្រូនរបស់អ៊ីរ៉ង់ហោះទៅវាយប្រហារ ហើយត្រូវមីស៊ីលការពារដែនអាកាសបាញ់ទម្លាក់ ជាហេតុធ្វើឱ្យបំណែកដ្រូនទាំងនោះធ្លាក់ទៅលើទីតាំងដូចរៀបរាប់ខាងលើ។ គុយវែតសម្រេចចិត្តបិទដែនអាកាសជាបណ្ដោះអាសន្នដោយសារការវាយប្រហាររបស់អ៊ីរ៉ង់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ