ក្រសួងបរិស្ថាន បង្គាប់ឱ្យក្រុមហ៊ុនរ៉ែ RONG CHENG តម្កល់ប្រាក់ធានា និងរៀបចំផែនការស្តារបរិស្ថានឡើងវិញ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESTMENT (CAMBODIA) CO., LTD. ត្រូវបានរកឃើញថា បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន ចាប់តាំងពីខែមីនា ឆ្នាំ ២០២៦ មកម្ល៉េះ ដោយសារតែអាជ្ញាបណ្ណអាជីវកម្មរុករករ៉ែមាស ដែលចេញដោយក្រសួងរ៉ែ និងថាមពល បានអស់សុពលភាព ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំបន្តសុពលភាពឡើងវិញ ។ នេះបើតាមលទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ទៅលើទីតាំងក្រុមហ៊ុនខាងលើ ដែលស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ទោះបីជាក្រុមហ៊ុនមិនទាន់ដំណើរការឡើងវិញក៏ដោយ ក្នុងបេសកកម្មចុះត្រួតពិនិត្យនោះ ក្រុមការងារជំនាញបានដកស្រង់សំណាកទឹកចំនួន ១ និងសំណាកដីចំនួន ២ កន្លែង យកមកវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ជាទិន្នន័យមូលដ្ឋានក្នុងការវាយតម្លៃសម្រាប់ការស្តារបរិស្ថាន ។ ជាមួយគ្នានោះ ក្រសួងបរិស្ថានបានជំរុញ និងតម្រូវឱ្យក្រុមហ៊ុនត្រូវតែបំពេញកាតព្វកិច្ចច្បាប់ ដោយធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុសម្រាប់ការស្តារបរិស្ថានឡើងវិញ ព្រមទាំងរៀបចំផែនការស្តារបរិស្ថានឱ្យបានត្រឹមត្រូវ មុនពេលបញ្ចប់អាជីវកម្ម ស្របតាមការកំណត់ដែលមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ធនធានធម្មជាតិ ។
យោងតាមក្រសួងបរិស្ថាន ការរឹតបន្តឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះគ្រប់អាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត ឬបង្កការបំពុលនេះ គឺដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងធានាឱ្យបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព សម្រាប់ដែនដីកម្ពុជាទាំងមូល ៕





ចែករំលែកព័តមាននេះ