ខេត្តសៀមរាប ៖ ទីភ្នាក់ងារជាតិ និងមុខរបរ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងទូទាំងប្រទេសទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តសៀមរាប រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នៅក្នុងថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ ។

វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះនឹងត្រូវរៀបចំនៅថ្ងៃទី១២ ខែមិថុនា នៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ និងនៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងបរិវេណសាលាស្រុកជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖ «ការរៀបចំវេទិកាការងារនេះឡើងមកគឺដើម្បីជួយលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាននៅក្នុងស្រុក ជាពិសេសេគឺការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជនដែលជាដៃគូរសហការណ៍របស់ក្រសួងការងារដោយផ្ទាល់» ។

លោកបានបញ្ជាក់ថា ក្នុងវេទិកាការងារនេះនឹងមានផ្ដល់ជូននូវឱកាសការងារ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩១,៨១៦កន្លែងនៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម ។ បន្ថែមពីលើនេះគឺ ការទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង ។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករ ដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ