អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាពនៅស្រុកតាលោសែនជ័យ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការ UNDP ប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកស្រី ហេង បូរ៉ានី អភិបាលរងនៃគណៈអភិបាលស្រុតាលោកសែនជ័យ នាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យសកម្មភាព របស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលទទួលបានការគាំទ្រក្រោមគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដោយមានការឧបត្ថម្ភហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលហ្សឺឡង់ លុចសំបួ និងអង្គការ UNDP។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជីវភាពរស់នៅរបស់ជនរងគ្រោះដោយសារមីននៅវត្តតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងទទួលបានការគាំទ្រក្រោមគម្រោងបង្កើនជីវភាពរស់នៅសម្រាប់ជនមានពិការភាពដោយសារសង្គ្រាម ឬសំណល់ជាតិផ្ទុះ ក្នុងក្របខណ្ឌកម្មវិធីគាំពារសង្គម ដើម្បីចាកចេញពីភាពក្រីក្រ ដែលទទួលការគាំទ្រពីគម្រោង CfR-IV ផងដែរ។
រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បាននិងកំពុងរួមគ្នាលើកកម្ពស់គុណភាពជីវិត និងកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព ទាំងនៅក្នុងសហគមន៍ និងតំបន់ជនបទដាច់ស្រយាល តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងសេវាគាំទ្រពាក់ព័ន្ធផ្សេងៗ ដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងជនមានពិការភាពទូទៅ។
សកម្មភាពមនុស្សធម៌នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេចក្តីថ្លៃថ្នូរ បង្កើនឱកាសរស់នៅ និងជំរុញការចូលរួមពេញលេញរបស់ជនមានពិការភាពក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះបេសកកម្មមនុស្សធម៌ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាជាប្រទេសគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសម្រេចបាននូវគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ អាជ្ញាធរមីនក៏បានបន្តកៀរគរធនធាន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់សកម្មភាពស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា ធានាបាននូវនិរន្តរភាពនៃការផ្តល់សេវា និងការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងជនមានពិការភាពទូទៅនៅទូទាំងប្រទេសកម្ពុជា៕







ចែករំលែកព័តមាននេះ