យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិការងារអាមេរិក តម្លៃទំនិញនៅអាមេរិកបានហក់ឡើង ៤,២% នៅក្នុងខែឧសភា (កើនពី៣,៨% កាលពីខែមេសា) ដែលជាអត្រាលឿនបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ។ នេះបើយោងតាមចុះផ្សាយរបស់ BBC News ។
ការហក់ឡើងនេះ គឺបណ្តាលមកពីការកើនឡើងនៃថ្លៃថាមពល ក្រោយពេលមានជម្លោះយោធារវាងអាមេរិក-អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់។
ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅសេតវិមានថា លោក «ស្រឡាញ់អតិផរណា» និងថា វាជាតួលេខដ៏អស្ចារ្យ ។ ទោះជាយ៉ាងណា ក្រោយមក លោកបានបកស្រាយប្រាប់កាសែត New York Post វិញថា សម្ដីរបស់លោកត្រូវបានគេយកទៅកាត់តខុសពីបរិបទដើមប៉ុណ្ណោះ ព្រោះអ្វីដែលលោកចង់មានន័យពិតប្រាកដ គឺអតិផរណានេះមានកម្រិត «ទាបជាងការរំពឹងទុក» ទៅទៀត បើទោះជាមានសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដោយ ។
លោក ត្រាំ បានសន្យាថា តម្លៃទំនិញនឹង «ធ្លាក់ចុះដូចជិះរទេះភ្លើងចុះទួល» ភ្លាមៗនៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់ត្រូវបញ្ចប់ ។ លោកបានបញ្ជាក់ថា កងទ័ពអាមេរិកបានបើកប្រតិបត្តិការយកប្រេង «រាប់លានបារ៉ែល» ពីអ៊ីរ៉ង់ ដែលជួយឱ្យតម្លៃប្រេងធ្លាក់ចុះបន្តិច
បន្តួច។
លោកប្រធានាធិបតីបានរំឮកពីដំណើរទស្សនកិច្ចនៅរដ្ឋ Iowa កាលពីដើមឆ្នាំ ២០២៦ ដែលកាលនោះ ប្រេងសាំងមានតម្លៃត្រឹមតែ១,៨៥ ដុល្លារក្នុងមួយហ្គាឡុង ហើយលោកបានប្ដេជ្ញាថា នឹងនាំយកតម្លៃប្រេងឱ្យធ្លាក់ចុះមកនៅកម្រិតទាបបែបនោះវិញ ក្នុងពេលឆាប់ៗ ទោះបីជាបច្ចុប្បន្នតម្លៃប្រេងឆៅ Brent នៅលើទីផ្សារអន្តរជាតិនៅតែបន្តស្ថិតក្នុងតម្លៃខ្ពស់ជាងកាលពីមុនពេលមានសង្គ្រាមក៏ដោយ ។

ចែករំលែកព័តមាននេះ