ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ បន្ត​ចុះ​ពិនិត្យ​​៩០ទីតាំង រក​ឃើញ​ជនបរទេស​គ្មាន​លិខិតឆ្លងដែន​១០​នាក់ និងមិនមាន​បទល្មើស​អនឡាញស្គេមទេ

17 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦​នេះ​ម្សិល​ម៉ិ​ញ​នេះ ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​សរុប​បាន​ចំនួន ៩០​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៤៩៤​នាក់ (​ស្រី ១៤១​នាក់​) គ្មាន​លិខិតឆ្លងដែន ១០​នាក់​។ ក្រៅពី​នេះ​ ក្រុមការងារ​ត្រួតពិនិត្យ​ពុំ​ឃើញ​មាន​បទល្មើស​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ នេះ​បើ​តាម​លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​នេះ ​។

លោកស្រី ដោ សម្ផស្ស បន្ត​ថា​ លទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​នេះ គឺ​បាន​មក​ពី​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដ៏​ម៉ឺងម៉ាត់ មិន​រា​ថយ​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​ជាមួយគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បំពេញការងារ​ព្រម​ៗ​គ្នា ដោយ​ប្ដេជ្ញា​ថា នឹង​លុប​បំបាត់​ឱ្យ​អស់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ រួម​ទាំង ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ជា​ពិសេស បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

លោកស្រី ដោ សម្ផស្ស បាន​បន្ត​ថា​ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការ​ផាក ពិន័យ​ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​តាម​អនុក្រឹត្យ​លេខ​០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល មាត្រា​២០ ជំពូក​ទី​៦ ស្តី​ពី​ទណ្ឌកម្ម បាន​ផាកពិន័យ​សរុប​ចំនួន ១​ទីតាំង មនុស្ស​ចំនួន ៣​នាក់ គិត​ជា​ថវិកា​សរុប​បាន​ចំនួន ១២.០០០.០០០​រៀល (​ដប់​ពីរ​លាន​រៀល​) ៕