រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសជប៉ុន បានបន្តផ្តល់ជំនួយថវិកា ចំនួន៩០០.០០០ ដុល្លារ (ប្រាំបួនរយពាន់ដុល្លារសហរដ្ឋអាមេរិក) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ ។

ចំណែកឯរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន២៥០.០០០ ដុល្លារ (ពីររយ ហាសិបពាន់ដុល្លារអាមេរិក) ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។

គួរជម្រាបជូនថា អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក សូមជម្រាបជូនសាធារណជនថា នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ/អន្តរជាតិសរុបចំនួន៣០០នាក់ ។

ថ្លែងនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន លើកឡើងអំពីផលប៉ះពាល់នៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជា តម្លៃមនុស្សជាតិផងដែរ៕

ចែករំលែកព័តមាននេះ