សហរដ្ឋអាមេរិកបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀតពីសារមន្ទីរសិល្បៈមេត្រីប៉ូលីតាននៅទីក្រុងញូវយ៉កមកកម្ពុជាវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកបានបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត ពីសារមន្ទីរសិល្បៈមេត្រីប៉ូលីតាន នៅទីក្រុងញូវយ៉កមកកម្ពុជាវិញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៦ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀតពីសារមន្ទីរសិល្បៈមេក្រូប៉ូលីតាន (Metropo litan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ។
ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ បានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។
សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេក្រូប៉ូលីតានបានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប ជូនមកកម្ពុជាវិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក ។
វត្ថុបុរាណទាំងពីរនេះរួមមាន៖ (១) ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និង(២) បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។

អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណនៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន បានផ្តល់ភស្តុតាងទៅ សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន ដោយបញ្ជាក់ថា វត្ថុបុរាណទាំងពីរនេះពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ។ បន្ទាប់ពីបានពិនិត្យលើឯកសារភស្តុតាង សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន បានយល់ព្រមប្រគល់វត្ថុ បុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន។
ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធ ជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ អ្នកស្រី Nancy Wiener ត្រូវបាន កាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុស
ច្បាប់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្តែងនូវការដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ានហាតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការ រដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវ បានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉ក ផងដែរ។
ទន្ទឹមនេះ ក្រសួងសូមសម្តែងនូវការកោតសរសើរចំពោះការសម្រេចចិត្តរបស់សារមន្ទីសិល្បៈមេត្រូប៉ូលីតាន ក្នុងការទទួលយកភស្តុតាង និងយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរនេះមកកម្ពុជាវិញ។ ជាមួយគ្នានេះដែរ ក្រសួងសូម គាំទ្រចំពោះកិច្ចការចាំបាច់ ដែលសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន បន្តពិនិត្យបន្ថែមទៀតលើសមុច្ច័យមួយចំនួនរបស់ខ្លួន ដោយសហការជាមួយក្រសួង ចំពោះវត្ថុបុរាណខ្មែរដទៃទៀតដែលមានប្រភពដើមពីកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណដល់ក្រុមការងារជំនាញកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងអ្នកជំនាញអន្តរជាតិ ដូចជា លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងកញ្ញា Malina Antoniadis នៃ NOSTOS Stragegies ដែលបានជួយជ្រោមជ្រែងក្នុងការទាមទារបញ្ជូនសម្បត្តិ វប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ។
ក្រសួងក៏សូមថ្លែងអំណរគុណដល់ លោក Éric Bourdonneau អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា នៃសាលាបារាំងចុងបូព៌ា (EFEO) ប្រចាំនៅកម្ពុជា ចំពោះកិច្ចការស្រាវជ្រាវរបស់លោក អំពីបដិមាអសុរ ហិរណ្យកសិពុ (Demon Hiranyakaśipu) ពីតំបន់កោះកេរ៕
ចែករំលែកព័តមាននេះ