ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនៅស្រុកកងមាស និងស្រុកស្រីសន្ធរ ត្អូញត្អែររឿងកាណូតដទទឹង ផ្អាកដំណើរការជាង២០ថ្ងៃដែល​បង្កការលំបាកក្នុងការធ្វើដំណើរ​

3 ម៉ោង មុន
  • កំពង់ចាម

ខេត្ត​កំពង់ចាម​ ៖ រយៈពេល​ជាង​២០​ថ្ងៃ​មក​ហើយ ​ដែល​កាណូត​ដ​​ទទឹង​មិន​បាន​ឆ្លង​ពីក្រោយ​ភូមិ​ស្វាយ​ស្រណោះ​ទី​១ ឃុំ​រកា​អា ស្រុក​កងមាស មក​កាន់​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ​ ។ ចំពោះ​មូលហេតុ​ ដែល​មិន​បាន​ឆ្លង​នេះ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ​កាណូត​ខូច​ម៉ាស៊ីន​ត្រូវ​ប្រើ​ពេល​ជួសជុល​រហូត​ដល់​មួយ​ខែ​ឯណោះ​ទើប​រួចរាល់​ ។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី​១ បាន​រៀបរាប់​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០២៦ ថា ពី​មុន​ការ​រង់ចាំ​ឆ្លង​កាណូត​ដ​​ទទឹង​កាត់​ទន្លេមេគង្គ មក​កាន់​ត្រោ​យ​ម្ខាង​ទៀត​ នៅ​ព្រែក​ពោធិ៍​ស្រុក​ស្រី​សន្ធរ គឺ​មិន​រង់ចាំ​យូរ​នោះ​ទេ​ ។

តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​គាត់​បាន​ជិះ​ម៉ូតូ​មក​កំពង់ដ ត្រូវ​អង្គុយ​រង់ចាំ​ មាន​ពេល​ខ្លះ​ដល់​ទៅ​ពីរ​បី​ម៉ោង ​មិនឃើញ​ឆ្លង​ទៀត​​ក្នុង​ចិត្ត​ហាក់បីដូចជា​មួ​​ម៉ៅ សុខចិត្ត​ជិះ​ម៉ូតូ​ទៅ​ឆ្លង​កំពង់ដ​​នៅ​កង​តា​ណឹ​ង ដែល​មាន​ចម្ងាយ​ប្រមាណ​៨គីឡូម៉ែត្រ ហើយ​ការ​ដែល​កាណូត​មិន​បាន​ឆ្លង​ គឺ​ជាង​២០​ថ្ងៃ​ហើយ​ ។

ប្រជាពលរដ្ឋ​បាន​បន្ត​​​ទៀត​ថា ស្រប​ពេល​ដែល​កំពង់ដ​ស្វាយ​ស្រណោះ នៅ​ដំណើរការ​ឆ្លង​គឺ​បាន​ផ្ញើ​អីវ៉ាន់​ពី​ព្រែក​ពោធិ៍ មក​កាន់​ត្រើយម្ខាង​នៅ​ស្វាយ​ស្រណោះ គឺ​មាន​លក្ខណៈ​ងាយស្រួល ដោយ​មាន​អ្នក​រង់​ចាំ​ទទួល​ពេល​ដែល​ត្រូវការ​ឆ្លង​ម្ដង​មនុស្ស​ម្នាក់​យក​តម្លៃ​១៥០០៛ ម៉ូតូ​១​គ្រឿង​១០០០​រៀល ។

​ម្យ៉ាងវិញទៀត​ បើ​បងប្អូន​នៅ​ត្រើយ​ស្រុក​កងមាស មក​ទិញ​របស់របរ​សម្រាប់​ធ្វើបុណ្យ​ទាន​ក្នុង​ក្រុម​គ្រួសារ ពេល​ដែល​ឆ្លង​កាណូត​មក​ដល់ត្រើយ​ម្ខាង​ ដោយ​គ្រាន់តែ​ឡើង​បន្តិច​ គឺ​ដល់​ផ្សារ​ព្រែក​ពោធិ៍ សំបូរ​អីវ៉ាន់​លក់​មិន​ខ្វះ​នោះ​ទេ​ ។ តែ​ដល់​កំពង់ដមួយ​នេះ ​មិន​បាន​ឆ្លង​ត្រូវ​ជិះ​ម៉ូតូ​មក​ឆ្លង​នៅ​មាន់​ដប់ ស្រុក​ស្រី​សន្ធរ មក​កាន់​កង​តា​ណឹ​ង ស្រុក​កងមាស ដែល​មាន​ចម្ងាយ​ពី​កំពង់ដប្រមាណ​៨​គីឡូម៉ែត្រ បើ​ត្រូវ​ផ្ញើ​របស់របរ​វិញ ​ឬ​ទិញ​អ្វី​ធ្វើបុណ្យ​មិន​សំបូរ​​ដូច​នៅ​ព្រែក​ពោធិ៍​ទេ​(​មាន់​ដប់​)​ ។

ជួន​ពេល​ខ្លះ ​មនុស្ស​មក​រង់ចាំ​ពីរ​ទៅ​បី​នាក់ មិនឃើញ​មាន​អ្នក​ផ្សេង​មក​បន្ថែម​ កម្មករ​កាណូត​ប្រាប់​ឱ្យ​ម៉ៅ​ឆ្លង​ម្ដង​តម្លៃ​២​ទៅ​៣​ម៉ឺន​រៀល គឺ​ពួក​គាត់​មិន​ឆ្លង​សុខចិត្ត​ជិះ​ទៅ​ឆ្លង​កន្លែង​ផ្សេង ហើយ​កម្មករ​រត់​កាណូត​មើលទៅ​ដូច​ខ្វះ​ការ​ទំនាក់ទំនង​ល្អជា​មួយ​ពលរដ្ឋ​ទៀត​ផង​។

លោក​ជា ម៉ា​ប់ ម្ចាស់​វិនិយោគ​កំពង់ដ​​(​ស្វាយ​ស្រណោះ​-​ព្រែក​ពោធិ៍​)​បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០២៦ ថា ចំពោះ​តម្លៃ​មនុស្ស​ដែល​ត្រូវ​ឆ្លង​ក្នុង​មួយ​ជើង ​គឺ​ដូច​ប្រជាពលរដ្ឋ​អាង​ខាងលើ​មែន មួយវិញទៀត​នៅ​កណ្ដាលទន្លេ​មាន​ដុះ​កន្ទុយ​កោះ​វែង​ជាង​មុន ពេល​ត្រូវ​ឆ្លង​កាណូត​ម្ដង​ត្រូវ​ប្រើ​ពេល​ប្រហែល​២៥​នាទី ចំណែក​ទីតាំង​មួយទៀត ដែល​រូប​លោក​វិនិយោគ​នៅ​ភូមិ​ថ្មី ប្រើ​ពេល​ឆ្លង​ប្រហែល​៥​នាទី​ប៉ុណ្ណោះ​គឺ​ដល់ត្រើយ​ម្ខាង​ ។ អ្នកខ្លះ​ គេ​មាន​ម៉ូតូ​សុខចិត្ត​ជិះ​មក​ឆ្លង​តាម​ស្ពាន​ព្រែក​តា​មា​ក់ ឆ្ពោះ​មក​កាន់​ព្រែក​ពោធិ៍​ដោយ​ប្រើ​ពេលវេលា​ប្រហែល​កន្លះ​ម៉ោង​ ។ ចំពោះ​មូលហេតុ​ដែល​កាណូត​របស់​លោក​មិន​បាន​ឆ្លង​ដោយសារ​តែ​ខូច​ម៉ាស៊ីន ​និង​ត្រូវ​ដូរ​ភ្លៅដោយ​ប្រើ​ពេល​រហូត​ដល់​មួយ​ខែ ។

ម្ចាស់​វិនិយោគ​បាន​ត្អូញ​តែ្អរ​ថា ​ស្រប​ពេល​វិបត្តិ​ប្រេង​ពិភពលោក​ក្នុង​មួយ​កាន​ធ្លាប់តែ​តម្លៃ​១២​ម៉ឺន​រៀល​ ឡើង​ដល់​ជិត​២០​ម៉ឺន​រៀល​ក្នុង​មួយ​កាន​ស្មើ​៣០​លី​ត្រ ​។ បើ​មាន​មនុស្ស​ឆ្លង​ពីរ​ទៅ​បី​នាក់​យក​មិន​បាន​មួយ​ម៉ឺន​រៀល ដូច្នេះ​ កាណូត​ឆ្លង​ទៅ​ឆ្លង​មក​តែ​៣​ជើង​ គឺ​អស់​ប្រេង​មួយ​កាន​ហើយ គឺ​ម្ចាស់​ត្រូវ​ចូល​ដើម  រហូត​មក​ដល់​ពេល​នេះ ​កាណូត​បាន​ដូរ​ម៉ា​ស៊ីន​រួចរាល់ ​ក្រោយ​ពេល​ជួសជុល​ហើយ​និង​ទៅ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ ​។