សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អះអាងកាលពីថ្ងៃទី១០ មិថុនា ថា អ៉ីរ៉ង់មិនព្រមបញ្ឈប់ការចំអកសហរដ្ឋអាមេរិក ក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនៅមជ្ឈឹមបូព៌ា និងថា គ្រោងវាយប្រហារឡើងវិញប្រឆាំងអ៉ីរ៉ង់។

ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងវ៉ាស៊ីនតោន លោកត្រាំថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា យើងនឹងវាយប្រហារអ៉ីរ៉ង់ខ្លាំងក្លាបំផុត ។ យើងពិតជាជិតឈានទៅដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែអ៉ីរ៉ង់នៅតែបន្តឡកឡឺយដាក់យើង ហើយបន្តចាត់ទុកយើងថាភ្លើរ ។ មុននេះ លោកត្រាំបានថ្លែងរួចហើយថា អ៉ីរ៉ងអូសក្រឡាការចរចាពីកិច្ចព្រមព្រៀងមួយ ហើយពេលនេះត្រូវតែបង់
តម្លៃ។
ចំណែកក្នុងសារមួយតាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំក៏អះអាងដែរថា កងទ័ពអ៉ីរ៉ងចាញ់ទាំងស្រុង ក្រោយការវាយប្រហារតតាំងគ្នារវាងអាមេរិក និងអ៉ីរ៉ង់ ទើបនាំទៅដល់បទឈប់បាញ់គ្នាដែលមានជាធរមានពីខែមេសាមក ។ លោកបន្តថាបិសាចមជ្ឈឹមបូព៌ានឹងស្លាប់ ។ ពួកគេបានប្រើពេលដ៏ច្រើនក្នុងការចរចាលើកិច្ចព្រមព្រមមួយដែលប្រសើរសម្រាប់ពួកគេ តែពេលនេះ ពួកគេត្រូវបង់តម្លៃ។
ម្យ៉ាងវិញទៀត ក្នុងការពិភាក្សាជាមួយអ្នកកាសែតទូរទស្សន៍ FOX NEWS ម្នាក់ លោកត្រាំថ្លែងថា ដោយអវត្តមានការរីកចម្រើនក្នុងការចរចាសន្តិភាព ជិតដល់ពេលសម្រេចវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ ពិសេស បណ្ដាមជ្ឈមណ្ឌលអគ្គិ្កសនី និងស្ពានហើយ ។ ប៉ុន្តែ ខ្ញុំអាចនៅបន្តទុកពេលឲ្យពួកគេមានលទ្ធភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនិងនៅរស់រាន ។
ក្នុងសារមួយទៀតចេញផ្សាយនាថ្ងៃទី១០ មិថុនា លោកត្រាំបានសម្ដែងការអបអរសាទរ ចំពោះការហ៊ុមព័ទ្ធការធ្វើនាវាចរណ៍របស់អ៉ីរ៉ង់ ដែលលោកចាត់ទុកថា ជាជោគជ័យប្រវត្តិសាស្ត្រមួយ ពោលជាកំពែងដែកថែបមួយ ។ លោកអះអាងថា ការប៊ុមព័ទ្ធនោះធ្វើឲ្យស្ទះដល់សេដ្ឋកិច្ចអ៉ីរ៉ង់ បង្កការលំបាកក្នុងការរកប្រាក់សម្រាប់បើកប្រាក់ខែដល់កងទាហាន និងឲ្យប្រទេសដទៃៗទៀតអាចនាំប្រេងចេញកាន់តែច្រើន ។

អាមេរិកបានវាយប្រហារតាមអាកាសខ្លាំងក្លាលើអ៉ីរ៉ង់ កាលពីព្រឹកថ្ងៃទី១០ មិថុនា ចំណែកអ៉ីរ៉ង់វិញបានតបតដោយវាយប្រហារលើប្រទេសជាច្រើនក្នុងតំបន់ សំដៅមូលដ្ឋានយោធាអាមេរិក ។ អ៉ីរ៉ងបានវាយប្រហារលើប្រទេសគុយវ៉ែត ហ្ស៊កដានី និងបារ៉ែន ជាការតបតវិញចំពោះការវាយប្រហាររបស់អាមេរិក ទោះបីមានបទឈប់បាញ់គ្នា ដែលនាំឲ្យប៉ះពាល់ថែមទៀត ដល់ការចរចាដែលកំពុងជាប់គាំង ។ ការប្រទូស្តរ៉ាយគ្នាកើតមានជាពិសេសនៅជុំវិញច្រកសមុទ្រហ័រមូស ជាផ្លូវសមុទ្រយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ន័ន ដែលត្រូវអ៉ីរ៉ង់បិទខ្ទប់ ។
ហ្ស៊កដានីអះអាង នាថ្ងៃទី១០ មិថុនា ថា បានស្ទាក់កម្ទេចមីស៊ីលអ៉ីរ៉ង់៥គ្រាប់ ដែលបាញ់សំដៅទីក្រុងAZRAQ ស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រពីរាជធានីអាម៉ង់ ។ នៅក្បែរទីក្រុងនោះមានមូលដ្ឋានអាកាសចរណ៍ធំមួយរបស់កងទ័ពអាកាសហ្ស៊កដានី ។ ចំណែកកងទ័ពគុយវ៉ែតវិញអះអាងថា កងកម្លាំងការពារអាកាសរបស់ខ្លួន បានវាយប្រហារបណ្ដាគោលដៅអាកាសប្រទូស្តរាយតែមិនបញ្ជាក់ពីប្រភពឡើយ ទោះបីអ៉ីរ៉ង់វាយប្រហារនាពេលថ្មីៗនេះប្រឆាំងប្រទេសខ្លួនក៏ដោយ។ ចំណែកកងទ័ពបារ៉ែនវិញប្រកាសថា បានស្ទាក់កម្ទេចមីស៊ីលក្នុងចំនួនមិនបញ្ជាក់ដោយចោទប្រកាន់អ៉ីរ៉ង់ថា បន្តការប្រទូស្តរាយជាប់តាមរយៈការវាយប្រហារបន្តបន្ទាប់ ដោយមីស៊ីល និងដ្រូនសំដៅជនស៊ីវិល ។

នៅតំបន់ឈូងសមុទ្រពែរ្ស៍ប្រទេសគុយវ៉ែត និងបារ៉ែនកាលពីដើមសប្ដាហ៍មុន បានថ្កោលទោសការឈ្លានពានជាក់ស្ដែងរបស់អ៉ីរ៉ង់ ប្រឆាំងដែនដីខ្លួន ក្រោយរងការវាយប្រហារថ្មីៗ ។ មុននេះ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់គូសបញ្ជាក់ថា បានវាយប្រហារជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក ដោយបាញ់មីស៊ីលបាលីស្ទិកលើមូលដ្ឋាអាកាសចរណ៍អាលីអាល់សាឡឹមនៅគុយ
វ៉ែត កន្លែងដាក់ពង្រាយកងយន្តហោះអាមេរិក និងវាយប្រហារទីបញ្ជាការដ្ឋានកងនាវាចរណ៍ទី៥អាមេរិកនៅបារ៉ែន។
យោងតាមទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាថា មីស៊ីល៦គ្រាប់ ត្រូវបានស្ទាក់កម្ទេច។ មុននេះ កងទ័ព
អាមេរិកបានវាយប្រហារបណ្ដាទីតាំងរ៉ាដាត្រួតពិនិត្យឆ្នេរសមុទ្រអ៉ីរ៉ង់នៅទីក្រុងហ្គោរុក និងលើកោះQESHMក្នុងច្រកសមុទ្រ
ហ័រមូស៕

ចែករំលែកព័តមាននេះ