ពីខ្នាតតូចមកជាកសិដ្ឋានគំរូ ! ម្ចាស់កសិដ្ឋានប្រាប់តិចនិក ចិញ្ចឹមកង្កែប ៥ឆ្នាំ អាចរកចំណូលបានយ៉ាងក្រាស់ក្រែល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជកង្កែបមួយកន្លែង ស្ថិតនៅក្នុងភូមិស្វាយពក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីកសិករ និងអ្នកចិញ្ចឹមជាច្រើន ដោយសារតែអាចផលិតកូនកង្កែបបានរាប់ម៉ឺនក្បាល តាមរយៈបច្ចេកទេសបង្កាត់ភ្ញាស់ពូជបែបសិប្បនិម្មិត ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណូលល្អដល់គ្រួសារ ។
ដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមការងារជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងសិក្សាពីដំណើរការបង្កាត់ភ្ញាស់ និងចិញ្ចឹមកង្កែប នៅកសិដ្ឋានឈ្មោះ សៀវម៉ិញ ដែលគ្រប់គ្រងដោយលោក អ៊ឹម សាមឿន ស្ថិតក្នុងភូមិស្វាយពក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។ បច្ចុប្បន្នកសិដ្ឋាន សៀវមុិញ នេះមានអាងចិញ្ចឹម និងអាងបង្កាត់ពូជសរុបចំនួន ៤០អាង ដែលត្រូវបានរៀបចំទៅតាមទំហំផ្សេងៗគ្នា សម្រាប់សម្របសម្រួលដល់ការបង្កាត់ ភ្ញាស់ និងចិញ្ចឹមកង្កែបតាមដំណាក់កាល ។ ក្នុងនោះ រួមមានអាងទំហំ ១ម៉ែត្រការ៉េ ចំនួន ២០អាង អាងទំហំ ២,២០ម៉ែត្រការ៉េ ចំនួន ៨អាង អាងទំហំ ៦,២៥ ម៉ែត្រការ៉េ ចំនួន ៨អាង និងអាងធំទំហំ ១៨ម៉ែត្រការ៉េ ៤អាង ។
លោក អ៊ឹម សាមឿន ម្ចាស់កសិដ្ឋាន បានឱ្យដឹងថា កសិដ្ឋានរបស់លោកមានមេពូជកង្កែបសរុបប្រមាណ ១០០គូ ដែលត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវគុណភាពពូជ និងអត្រារស់រានមានជីវិតខ្ពស់ ។ កូនកង្កែបដែលផលិតបានភាគច្រើនត្រូវបានលក់ជូនកសិករ និងអ្នកចិញ្ចឹមនៅតាមបណ្តាខេត្តនានា ដើម្បីយកទៅចិញ្ចឹមបន្តជាលក្ខណៈពាណិជ្ជកម្ម ។
លោកបានចាប់ផ្តើមមុខរបរនេះអស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ ។ នៅក្នុងដំណាក់កាលដំបូង ការចិញ្ចឹម និងបង្កាត់ពូជកង្កែបនៅមានទ្រង់ទ្រាយតូច និងផលិតកម្មនៅមានកម្រិត ។ ទោះជាយ៉ាងណា តាមរយៈការសិក្សាបច្ចេកទេស ការអនុវត្តជាបន្តបន្ទាប់ និងការផ្សព្វផ្សាយកាន់តែទូលំទូលាយ បានធ្វើឱ្យកសិដ្ឋានមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។
ជាក់ស្តែងកាលពីអំឡុងឆ្នាំ ២០២៥ កសិដ្ឋាន «សៀវម៉ិញ» អាចផលិត និងលក់កូនកង្កែបបានប្រមាណ ១៥ម៉ឺនក្បាល ខណៈដែលកង្កែបសាច់លក់បានសរុបប្រមាណ ១,៥តោន ។ លទ្ធផលនេះបានជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសាររបស់កសិករឱ្យកាន់តែប្រសើរឡើង ។
ហើយសម្រាប់ឆ្នាំ ២០២៦ នេះ គិតត្រឹមពេលបច្ចុប្បន្ននេះ កសិដ្ឋាន សៀវម៉ិញ បានលក់កូនកង្កែបសម្រេចបានប្រមាណ ២០ម៉ឺនក្បាលរួចហើយ ខណៈកង្កែបសាច់លក់បានជាង ៥០០គីឡូក្រាម ។ ទិន្នផលនេះបង្ហាញឱ្យឃើញពីសក្តានុពលខ្ពស់នៃការចិញ្ចឹម និងបង្កាត់ពូជកង្កែប ដែលជាមុខរបរកសិកម្មមួយអាចបង្កើតចំណូលបានល្អ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារកំពុងកើនឡើង ។
លោក យឹមណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចំពោះក្រុមការងារជំនាញជលផលខេត្តកំពង់ស្ពឺ ដែលបានចុះទៅពិនិត្យ និងសិក្សា បានវាយតម្លៃថា ការអនុវត្តបច្ចេកទេសបង្កាត់ភ្ញាស់កង្កែបបែបសិប្បនិម្មិត របស់កសិករនៅកសិដ្ឋាន សៀវម៉ិញ គឺជាគំរូល្អមួយសម្រាប់កសិករផ្សេងៗទៀត ដែលមានបំណងអភិវឌ្ឍមុខរបរចិញ្ចឹមសត្វទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ។
តាមរយៈការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកទេសសមស្រប និងការខិតខំប្រឹងប្រែងរបស់កសិករ ការចិញ្ចឹមកង្កែបមិនត្រឹមតែជួយផ្គត់ផ្គង់ពូជ និងសាច់កង្កែបសម្រាប់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្មនៅក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនផងដែរ ៕














ចែករំលែកព័តមាននេះ