សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនអះអាងថា កងទ័ពរុស្ស៊ីបានវាយប្រហារលើទីក្រុងស្លូវីយ៉ាន់ស្ក៍ កាលពីថ្ងៃទី៩ មិថុនា ដោយទម្លាក់គ្រាប់បែកបញ្ជា ធុនFAB-1500 លើកណ្ដាលក្រុងនោះ ។ យោងតាមអាជ្ញាធរតំបន់ថា ការវាយប្រហារនោះ បានកម្ទេចប្លុកកីឡាសម្រាប់កុមារមួយ និងអគារការិយាល័យមួយព្រមទាំងបណ្ដាលឲ្យខូចខាតផ្ទះយ៉ាងតិច៣៩ខ្នង និងរថយន្ត១៥គ្រឿង។

នៅភាគឦសានអ៊ុយក្រែន បណ្ដាដ្រូនបានវាយប្រហារច្រើនលើក តំបន់ឧស្សាហកម្មមួយនៃទីក្រុងស៊ូមី បណ្ដាលឲ្យមានភ្លើងឆាបឆេះខ្លាំង ។ ការវាយប្រហារទាំងនេះកើតមានពេលរុស្ស៊ីកំពុងតែដាក់សម្ពាធ លើផ្នែកដ៏ធំនៃខ្សែរណសិរ្ស ប្រវែងប្រមាណជា១០០០គីឡូម៉ែត្រ ពីក្រុងខាគៀវទៅក្រុងឃ័រសុន។ អាជ្ញាធរអ៊ុយក្រែនរៀបរាប់ពីការប៉ះទង្គិចគ្នាជាង១០០លើករយៈពេល២៤ម៉ោងចុងក្រោយនេះ ជាមួយការប្រយុទ្ធខ្លាំងជាពិសេសនៅតំបន់ដូណេតស្ក៍។
ទន្ទឹមនឹងនេះរុស្ស៊ីបន្តវាយប្រហារដោយដ្រូន និងមីស៊ីលប្រឆាំងបណ្ដាទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញ បន្តវាយប្រហារបណ្ដាទីតាំងក្នុងដែនដីរុស្ស៊ី និងក្នុងដែនដីរុស្ស៊ីកាន់កាប់។ អ៊ុយក្រែនបានវាយប្រហារខ្លាំងក្លាលើបណ្ដាទីតាំងប្រេងនៅរុស្ស៊ី និងនៅតំបន់គ្រីមេ។ សេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនគូសបញ្ជាក់ថា កងទ័ពខ្លួនបានវាយប្រហារនាពេលយប់លើ់តំបន់ក្រាស្នូដារុស្ស៊ី សំដៅលើទីតាំងប្រេងកាតGROUCHOVAIAជិតក្រុងណូវ៉ូរ៉ូសស្លីស្ក៍ ជាទីតាំងប្រេងនិងផលិតផលប្រេងដ៏ធំស្ថិតនៅភាគខាងត្បូងរុស្ស៊ី ។ អាជ្ញាធរតំបន់រុស្ស៊ីអះអាងថា ដ្រូនអ៊ុយក្រែន១គ្រឿង បង្កឲ្យមានភ្លើងឆេះក្នុងទីតាំងនោះដោយបញ្ជាក់ថា ពុំមានជនរងគ្រោះឡើយ ។
អ៊ុយក្រែនក៏អះអាងដែរ ពីការវាយប្រហារប្រឆាំងមូលដ្ឋានប្រេងកាតធំមួយនៅឧបទ្វីបគ្រីមេ បណ្ដាលឲ្យមានភ្លើងឆាបឆេះ។ មូលដ្ឋាននោះជាកន្លែងស្តុកប្រេងសម្រាប់បម្រើកងទ័ពរុស្ស៊ី ៕

ចែករំលែកព័តមាននេះ