អ្នកជំនាញឯកទេសពស់ បានអោយដឹងថា ៨០ភាគរយ នៃករណីពស់ចឹកច្រើន កើតឡើងនៅរដូវវស្សា ជាពិសេស គឺពីខែមិថុនា ដល់ខែកញ្ញា ។ នេះបើតាមមន្ទីរពេទ្យកាល់ម៉ែតបញ្ចេញសារពញាក់ និងដាស់ការចាប់អារម្មណ៍ ជូនមហាជនតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ ។

ប្រភពដដែលបានបន្តថា ដើម្បីសុវត្ថិភាពនៅពេលដែលពស់ចឹក ប្រសិនបើអាចគួរតែកំណត់ប្រភេទពស់ ហើយសែងជនរងគ្រោះ មករកមន្ទីរពេទ្យដែលនៅជិតបំផុត ។

ប្រភពដដែលបានបន្តថា សម្រាប់ជនរងគ្រោះដែលត្រូវពស់ចឹកសូមតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ ពីព្រោះថា កាលណាយើងភ័យស្លន់ស្លោនាំអោយបេះដូងដើរលឿននោះ ពិសពស់ជ្រាបលឿនបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

ក្រៅនោះ គឺហាមលើកដៃ ឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង ហើយត្រូវដោះគ្រឿងអលង្ការ ឬ សម្លៀកបំពាក់ ដែលតឹងចេញពីកន្លែងពស់ចឹក រួចលាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬទឹកថ្នាំសម្លាប់មេរោគ បន្ទាប់មករុំមុខរបួស ដោយបង់ចាប់ពីក្រោមមុខរបួសឡើងទៅ ។

នេះ គឺជាវិធានការសង្គ្រោះបឋម ដោយឡែកវិធានការការពារវិញ គឺពលរដ្ឋគួរពាក់ស្បែកជើងកវែង ពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង ពីព្រោះថា ៥០ភាគរយ នៃករណីពស់ចឹក គឺចឹកជើងក្រោមជង្គង់ ហើយចំពោះអ្នកនៅជនបទស្រែចំការ គួរសម្រាន្តលើគ្រែចងមុង ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ ។ នៅពេលធ្វើដំណើរពេលយប់ត្រូវប្រើភ្លើងពិល ហើយសម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ ។
ពស់នៅកម្ពុជាមានប្រមាណជា៨៦ប្រភេទ នៅក្នុងនោះ១៧ប្រភេទ មានពិស ហើយ៥ប្រភេទ គឺគ្រោះថ្នាក់ខ្លាំងបណ្តាលឲ្យស្លា.ប់បន្ទាប់ពីចឹក ៕


ចែករំលែកព័តមាននេះ