យានយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវមន្ត្រីជំនាញកា.ត់ទ្រង់ចេញ នៅខេត្តកំពង់ឆ្នាំង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រថយន្ត ត ប្រវែង ទ្រុង និងកម្ពស់ ទ្រុង សម្រាប់ដឹកអង្កាម ខុសលក្ខណៈបច្ចេកទេស ត្រូវបានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ច នគរបាលចរាចរណ៍ខេត្ត កំពង់ឆ្នាំង ធ្វើការចាប់ឃាត់ កន្លងមក នៅព្រឹកថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២៦ ត្រូវបានរៀបចំពិធីកាត់ទ្រុងចេញ ដើម្បីឲ្យតាមស្តង់ដារបច្ចេកទេស ។ពិធីនេះមានការអញ្ជើញចូលរួមត្រួតពិនិត្យពី ឯកឧត្តម សេងឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគរបាលខេត្ត និងមន្ត្រីមន្ទីរសាធារណការ ខេត្ត មន្ត្រីនគរបាលស្នងការខេត្តជាច្រើនរូបទៀត។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍រាយការណ៍ថា រថយន្តតទ្រុងខុសបច្ចេកទេសទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះមានមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង មន្ត្រី ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃ មន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្ត ធ្វើការស្ទាក់ចាប់ជាបន្តបន្ទាប់ នៅលើដងផ្លូវជាតិលេខ ៥ និងនៅលើដងផ្លូវជាតិលេខ ៥៣ ។រថយន្តទាំងនេះ បានត ទ្រុងវែងមកក្រោយ លើសប្រវែងប្រមាណ ពី ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រ ត ទ្រុងឡើងទៅលើកម្ពស់ជាង ២ ម៉ែត្រ និងផ្នែកខាងលើ ត លានចេញមកខាងប្រវែងជាងកន្លះម៉ែត្រម្ខាង ។ការតទ្រុងកែច្នៃ ទាំងនេះសុទ្ធតែខុសលក្ខណៈបច្ចេកទេស ។
ចំពោះនីតិវិធី មន្ត្រីជំនាញ នឹងកាត់ទ្រង់តម្រូវតាមស្តង់ដារឡើងវិញ ទើបអនុញ្ញាតឲ្យបន្តទៅមុខទៀត ចំណែករថយន្តខ្លះមានអង្កាមពីលើ ត្រូវឱ្យម្ចាស់រករថយន្តមកសាងបន្ត ហើយកាត់ទ្រង់ចេញ ទើបបន្តឲ្យដំណើរទៅមុខទៀត ដែរ ។
ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវ ដល់បងប្អូនជាម្ចាស់យានយន្តសូមបញ្ឈប់ការតយានយន្តខុសបច្ចេកទេសបែបនេះតទៅទៀត ព្រោះធ្វើអោយគ្មានសុវត្ថិភាពក្នុងការបើកបរ និងបង្កគ្រោះថ្នាក់ជាយថាហេតុ ។
បើតាមការបញ្ជាក់របស់អ្នកបើកបររថយន្តល្មើសខាងលើបានឲ្យដឹងថាពួកគាត់បានដឹកអង្កាមចេញពីខេត្តពោធិ៍សាត់សំដៅទៅខេត្តកំពត ដាក់ក្នុងរោងចក្រមួយ ដែលតាមដឹងគឺយកទៅកែច្នៃធ្វើជាស៊ីម៉ង់។ចំពោះរថយន្តប្រភេទនេះមានរាប់សឹបគ្រឿង ដែលកំពុងចរាចរណ៍ដឹកអង្កាម ពីខេត្តពោធិ៍សាត់ទៅខេត្តកំពត៕
















ចែករំលែកព័តមាននេះ