សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្កការភ្ញាក់ផ្អើលជាមួយការលើកឡើងរបស់លោក ចំពេលមានការព្រួយបារម្ភពីការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់នៅអាមេរិក កាលពីខែមុន ដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ ដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់ បណ្តាលមកពីសង្គ្រាមរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមប្រភពពី BBC និង AFP បានចេញផ្សាយ។
ទិន្នន័យពីការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានបង្ហាញថា តម្លៃទំនិញបានកើនឡើង ៤,២% ក្នុងខែឧសភា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការកើនឡើងពី ៣,៨% ក្នុងខែមេសានេះ បណ្តាលមកពីការហក់ឡើងតម្លៃថាមពល ដើរទន្ទឹមគ្នានឹងការផ្ទុះឡើងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់។
ចំពេលមានការព្រួយបារម្ភពីការកើនឡើងនេះ ប៉ុន្តែលោក ត្រាំ បានប្រាប់ទៅកាន់បណ្តាអ្នកយកព័ត៌មានពីសេតវិមានយ៉ាងដូច្នេះថា «តួលេខទាំងនោះគឺល្អណាស់ ខ្ញុំចូលចិត្តអតិផរណា»។ ប៉ុន្តែលោកក៏បានសន្យាវិញដែរថា តម្លៃទំនិញដែលកំពុងកើនឡើងនេះ នឹងធ្លាក់ចុះមកវិញយ៉ាងគំហុក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់។
យ៉ាងណាមិញ សម្តីរបស់លោក ត្រាំ ត្រូវបានអ្នកគណបក្សប្រជាធិបតេយ្យយកមកវាយប្រហារភ្លាមៗ ដោយសារតែគណបក្សនេះ បានចាត់ទុកបញ្ហាតម្លៃទំនិញកើនឡើង គឺជាចំណុចស្នូលនៃយុទ្ធនាការឃោសនារបស់ខ្លួន ដើម្បីដណ្តើមការគ្រប់គ្រងសភាឡើងវិញ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខនេះ។
ដើម្បីឆ្លើយតបនឹងតួលេខអតិផរណា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកបានបើកប្រតិបត្តិការមួយនៅពេលយប់ ដើម្បីនាំយកប្រេងរាប់លានបារ៉ែលពីប្រទេសអ៊ីរ៉ង់ ដោយលោកអះអាងថា វាបានរួមចំណែកធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបន្តិចបន្តួច។ លោកបានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «នៅពេលដែលជម្លោះនេះត្រូវបានបញ្ចប់ អ្នកនឹងឃើញតម្លៃប្រេងធ្លាក់ចុះមកនៅត្រឹមកម្រិតដូចពីមុន»។ ដោយលើកឡើងអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋ Iowa កាលពីដើមឆ្នាំនេះ នៅពេលលោកបានឃើញប្រេងសាំងលក់ក្នុងតម្លៃ ១,៨៥ ដុល្លារអាមេរិកក្នុង១ហ្គាឡុង (៣,៧លីត្រ) នោះ លោកបានបន្ថែមថា «យើងនឹងត្រឡប់ទៅដល់កម្រិតនោះវិញក្នុងពេលឆាប់ៗនេះ»។
ទោះយ៉ាងណាក៏ដោយ តម្លៃប្រេងឆៅ Brent ដែលជាតម្លៃស្តង់ដាពិភពលោកនោះ នៅតែបន្តជួញដូរក្នុងកម្រិតខ្ពស់ជាងកម្រិតមុនពេលមានសង្គ្រាមយ៉ាងខ្លាំង។ ជាក់ស្តែង គិតត្រឹមម៉ោង ២ រសៀល (ម៉ោងនៅកម្ពុជា) តម្លៃប្រេងឆៅ Brent ជួញដូរក្នុងតម្លៃ ៩៣,១៨ ដុល្លារអាមេរិកក្នុង១បារ៉ែល ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកជួញដូរក្នុងតម្លៃ ៩០,២៩ ដុល្លារក្នុង១បារ៉ែល៕


ចែករំលែកព័តមាននេះ