ខេត្តបន្ទាយមានជ័យ ៖ កាលពីនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខាំ ណយស្រីលក្ខ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ នៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ៖
១-ឈ្មោះ ឌី វណ្ណីអាស្ទេវិន ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ វី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ ហាក់ តាំងឆេង ភេទប្រុស អាយុ២៣ឆ្នាំ
៤-ឈ្មោះ ផេង ភី ភេទប្រុស អាយុ២១ឆ្នាំ ។
ព្រមទាំងចាប់យកនូវវត្ថុតាង នៃបទល្មើស និងមធ្យោបាយប្រព្រឹត្តបទល្មើស ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន០១គ្រឿង និងតួល្វីសកែច្នៃមុខស្រួចប្រវែង២៥សង់ទីម៉ែត្រ ចំនួន០១ដើម ដែលក្រុមជនសង្ស័យបានដោះបំបែកនិងកាច់ផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចកាច់ករម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕




ចែករំលែកព័តមាននេះ