អគ្គិភ័យលេបត្របាក់ឃ្លាំងផលិតស្នោមួយកន្លែងអស់ទាំងស្រុង នៅខណ្ឌច្បារអំពៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតស្នោមួយកន្លែងបានឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦ នៅចំនុចឃ្លាំងផលិតស្នោអត់យីហោមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកម្មករប្រុសស្រីដែលជាអ្នកធ្វើការនៅទីនោះបានអោយដឹងថា ទីតាំងខាងលើគឺជាឃ្លាំងសិប្បកម្មផលិតស្នោ ដោយយកអុសដុតក្នុងឡរ យកចំហាយ ជាសង្វាក់ផលិត ។ នៅយប់ថ្ងៃកើតហេតុ នៅវេលាម៉ោង៩គឺកម្មករ បានឈប់សំរាកអស់ទៅ ចំណែកឃ្លាំងខាងលើក៍បានចាក់សោដូចសព្វដង ។
ប្រភពបន្តទៀតថា លុះដល់ម៉ោងកើតហេតុ ខណៈពួកគាត់កំពុងតែសំរានលង់លក់ក្នុងដំណេក ក៍ស្រាប់តែធុំក្លិនឈ្ងៀមផ្សែង ហើយនាំគ្នាចេញមកក្រៅរកមើលក៍ស្រាប់តែឃើញឃ្លាំងខាងលើ ដែលស្តុបដោយស្នោ និងសំភារៈផ្សេងៗទៀត ឆេះសន្ធោសន្ធៅដោយមិនដឹងមូលហេតុអ្វីនោះទេ ឃើញសភាពបែបនេះពួកគាត់បានឆោឡោខ្លះជួយយកទឹកទៅពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបឈានទៅរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យអោយជួយអន្តរាគមន៍ផងដែរ ។
ករណីនេះផងដែរ បន្តិចក្រោយមកក៍មានរថយន្តពន្លត់អគ្គីភ័យជាច្រើនអង្គភាពនិងច្រើនគ្រឿង បានចុះទៅកន្លែងកើតហេតុ និងបានសហការគ្នាបាញ់ពន្លត់រហូតដល់ម៉ោង៤យប់ថ្ងៃដដែល ធ្វើអោយភ្លើងបានថបថយទៅវិញ ហើយឃ្លាំងក៍បានបាក់ស្រុតផងដែរ ។
ហេតុការណ៍នេះសមត្ថកិច្ចបានអោយដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់ផ្ទះពលរដ្ឋផ្សេងៗនោះទេ គឺគ្រាន់តែខូចខាតឃ្លាំងអស់ទាំងស្រុង រួមទាំងសំភារៈក្នុងឃ្លាំងទាំងអស់ ហើយចំពោះមូលហេតុ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមក្រោយជាបន្តទៀត ៕

















ចែករំលែកព័តមាននេះ