សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដែលមុននេះបដិសេធចម្លើយអ៉ីរ៉ង់ចំពោះសំណើអាមេរិក ដើម្បីបញ្ចប់សង្គ្រាម បានព្រមានកាលពីថ្ងៃទី១១ ឧសភា ថា បទឈប់បាញ់គ្នាជាមួយអ៉ីរ៉ង់ ឈានទៅរកចំណុចកាត់ផ្ដាច់ហើយ។

ជាង១ខែក្រោយ ចាប់ផ្ដើមបទឈប់បាញ់គ្នារវាងអ៉ីរ៉ង់ និងអាមេរិករួមជាមួយអ៉ីស្រាអែល ការចរចាពេលនេះ ហាក់ដូចជាកំពុងស្ថិតក្នុងការជាប់គាំងជាថ្មី ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់រាយការណ៍ថា ចម្លើយ
អ៉ីរ៉ង់ដែលបញ្ជូនតាមរយៈអាជ្ញាកណ្ដាលប៉ាគីស្ថាន ផ្ដោតលើការបញ្ចប់សង្គ្រាមនៅគ្រប់រណសិរ្សទាំងអស់ ពិសេស នៅលីបង់ និងលើការធានាសន្តិសុខការធ្វើនាវាចរណ៍តាមសមុទ្រ ។
សំណើរបស់អ៉ីរ៉ង់គ្រោងបើកឡើងវិញបន្តិចម្ដងៗ ច្រកសមុទ្រហ័រមូស និងការលុបចោលដំណាលគ្នា ការហ៊ុមព័ទ្ធបណ្ដាកំពង់ផែអ៉ីរ៉ង់ ដោយកងម៉ារីនអាមេរិក។ ក្រុងតេហេរ៉ង់ក៏ត្រៀមផងដែររក្សាទុកមួយផ្នែកនៃអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់ខ្លួន ហើយផ្នែកនៅសល់នឹងបញ្ជូនទៅប្រទេសទី៣ ។

ភាពទ័លច្រកក្នុងដំណោះស្រាយការទូត និងការវាយប្រហារតតាំងគ្នានាពេលថ្មីៗនេះ អាចនាំឲ្យតំបន់មជ្ឈឹមបូព៌ាធ្លាក់ជាថ្មីក្នុងសង្គ្រាម ដោយបើកចំហ និងអូសបន្លាយពេលវិបត្តិថាមពលពិភពលោក មកពីសង្គ្រាមនោះ ខណៈអ៉ីរ៉ង់នៅតែគ្រប់គ្រងច្រកសមុទ្រហ័រមូសហើយអាមេរិកនៅតែហ៊ុមព័ទ្ធកំពង់ផែអ៉ីរ៉ង់ ។
ពេលសួរលោកនៅសេតវិមានថា តើបទឈប់បាញ់គ្នានៅតែជាធរមានឬយ៉ាងណា លោកត្រាំឆ្លើយថា បទឈប់បាញ់គ្នានោះ ពិតជាផុយស្រួយខ្លាំងណាស់ ។ លោកថា សម្រាប់ពេលនេះ បទឈប់បាញ់គ្នានោះ ពិតជាខ្សោយខ្លាំង ។ លោកបន្តថា នឹងផ្អាកពន្ធសហព័ន្ធលើប្រេងសាំង ដើម្បីជួយពលរដ្ឋអាមេរិក ក្នុងការទប់ទល់នឹងការឡើងថ្លៃប្រេងឥន្ធនៈមកពីសង្គ្រាម។
លោកត្រាំឆ្លៀតពេលនៃដណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិននាសប្ដាហ៍នេះ ដើម្បីស្នើដល់ប្រធានាធិបតីចិនលោកស៊ីជីនពីង ឲ្យធ្វើការគាបសង្កត់លើអ៉ីរ៉ង់ ឲ្យធ្វើសម្បទាននានា និងបញ្ចប់ភាពទ័លច្រកបច្ចុប្បន្ន។ ចិនជាអ្នកទិញប្រេងអ៉ីរ៉ង់ច្រើនជានគេបំផុត ដែលអាចនិយាយជាមួយអ៉ីរ៉ង់បាន។

ដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយ ប្រាកដណាស់ប្រហែលនៅសល់ការងារលំបាកនានា។
អ៉ីរ៉ង់ទទូចលើការបញ្ចប់ការបិទខ្ទប់កំពង់ផែរបស់ខ្លួន និងឲ្យមានការលុបចោលបណ្ដាទណ្ឌកម្ម មុនចាប់ផ្ដើមចរចាពីលើការស្តុកអ៊ុយរ៉ានីញ៉ូកម្រិតខ្ពស់របស់ខ្លួន។ លោកត្រាំវិញទាមទារឲ្យដកយកអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់ទាំងអស់ចេញពីអ៉ីរ៉ង់ ហើយមិនទទួលយកសំណើដទៃៗទៀតរបស់អ៉ីរ៉ង់ ឲ្យមានការទទួលស្គាល់ជាផ្លូវការ ការត្រួតត្រារបស់អ៉ីរ៉ង់លើច្រកសមុទ្រហ័រមូស និងឲ្យទទួលបានការចេញសងការខូចខាតពីសំណាក់អាមេរិក ។
លោកត្រាំថា សំណើទាំងអស់នោះរបស់អ៉ីរ៉ង់មិនអាចទទួលយកបានទាំងស្រុង។ ប្រធានាធិបតី
អ៉ីរ៉ង់បានសរសេរតាមបណ្ដាញសង្គមX ថា យើងមិនឱនក្បាលដាច់ខាតនៅមុខសត្រូវ ហើយការចរចាមិនមែនជាការចុះចាញ់ឬរាថយឡើយ ៕
ចែករំលែកព័តមាននេះ