ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ បដិសេធចម្លើយរបស់អ៉ីរ៉ង់ទាំងស្រុង ខណៈតម្លៃប្រេងហក់ឡើងវិញភ្លាមៗដល់ជាង ១០៤ដុល្លារ

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តម្លៃ​ប្រេង​បាន​ឡើង​ខ្ពស់​វិញ​ កាលពី​ថ្ងៃ​ទី​១១​ ឧសភា ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ បដិសេធ​ចម្លើយ​អ៉ី​រ៉​ង់​ចំពោះ​សំណើ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់សង្គ្រាម​ ។ ម្យ៉ា​ង​ទៀត​អ៉ី​រ៉​ង់​បាន​ព្រមាន​បារាំង​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តម្លៃ​ប្រេង​បាន​ឡើង​ខ្ពស់​វិញ​ កាលពី​ថ្ងៃ​ទី​១១​ ឧសភា ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ បដិសេធ​ចម្លើយ​អ៉ី​រ៉​ង់​ចំពោះ​សំណើ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់សង្គ្រាម​ ។ ម្យ៉ា​ង​ទៀត​អ៉ី​រ៉​ង់​បាន​ព្រមាន​បារាំង​ និង​អង់គ្លេស​ចំពោះ​រាល់​អន្តរាគមន៍​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ ។

តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL ​របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា ខ្ញុំ​ទើប​អាន​ចម្លើយ​របស់​បណ្ដា​តំណាង​អ៉ី​រ៉​ង់​។ ខ្ញុំ​មិន​ចូល​ចិត្ត​ចម្លើយ​តប​នោះ​សោះ ដោយ​វា​ពិតជា​មិន​អាច​ទទួលយក​បាន​ទាំងស្រុង ​។ ការ​បដិសេធ​ចម្លើយ​តប​របស់​អ៉ី​រ៉​ង់​នោះ នាំ​ឲ្យ​តម្លៃ​ប្រេងកាត​ចាប់​ហក់​ខ្ពស់​ឡើង​វិញ​ភ្លាម​ៗ ដោយ​ប្រេង​ឆៅ​ BRENT​ក្នុង​១​ធុង​ឡើងថ្លៃ​ដល់​២,៦៩%​វិញ គឺ​១០៤,០១​ដុល្លារ ព្រោះតែ​ទស្សនវិស័យ​នៃ​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​មើលទៅ​កាន់តែ​ឃ្លាតឆ្ងាយ​ថែម​ទៀត​។

ជាង​១​ខែ​ក្រោយ​ចាប់ផ្ដើម​បទ​ឈប់​បាញ់​គ្នា​រវាង​អ៉ី​រ៉​ង់​ និង​អា​មេ​រិ​ក​រួម​ជាមួយ​អ៉ី​ស្រា​អែ​ល ការ​ចរចា​ពេល​នេះ​ ហាក់ដូចជា​កំពុង​ស្ថិត​ក្នុង​ការ​ជាប់​គាំង​ជា​ថ្មី ហើយ​បណ្ដា​ភាគី​សុទ្ធតែ​មិន​លាត​ត្រដាង​ជា​សាធារណៈ​បណ្ដា​សំណើ​ពួក​គេ​ ។ ក្រោយ​ការ​រង់ចាំ​ជា​ច្រើន​ថ្ងៃ​អ៉ី​រ៉​ង់​ទើប​ប្រកាស​ នា​ថ្ងៃ​ទី​១០​ឧសភា​ថា បាន​ឆ្លើយ​តប​ចំពោះ​សំណើ​អា​មេ​រិ​ក តែ​មិន​បង្ហាញ​ចម្លើយ​នោះ​ដោយ​លម្អិត​ឡើយ​។ ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉​ង់​រាយការណ៍​ថា ចម្លើយ​អ៉ីរ៉​ង់ ដែល​បញ្ជូន​តាម​រយៈ​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន ផ្ដោត​លើ​ការ​បញ្ចប់សង្គ្រាម លើ​គ្រប់​រណសិរ្ស​ទាំងអស់ ពិសេស​នៅ​លី​បង់​និង​លើ​ការ​ធានា​សន្តិសុខ​ការ​ធ្វើ​នាវាចរណ៍​តាម​សមុទ្រ​ ។

សំណើ​របស់​អ៉ី​រ៉​ង់​គ្រោង​បើក​ឡើង​វិញ​បន្តិច​ម្ដង​ៗ ច្រក​សមុទ្រ​ហ័​រ​មូស​ និង​ការ​លុប​ចោល​ដំណាល​គ្នា ការ​ហ៊ុម​ព័ទ្ធ​បណ្ដា​កំពង់​ផែអ៉ី​រ៉​ង់​ដោយ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​។ ក្រុង​តេ​ហេ​រ៉​ង់​ក៏​ត្រៀម​ផង​ដែរ​រក្សា​ទុក​តែ​មួយ​ផ្នែក​នៃ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់​ខ្លួន ហើយ​ផ្នែក​នៅ​សល់​នឹង​បញ្ជូន​ទៅ​ប្រទេស​ទី​៣​។

ក្រុង​វ៉ា​ស៊ីន​​តោន​ និង​ប្រទេស​ជា​ច្រើន​សង្ស័យ​ក្រុង​តេ​ហេ​រ៉​ង់​ថា ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ តាម​រយៈ​ការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម តែ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ​ដោយ​លើក​ឡើង​ថា ខ្លួន​គ្រាន់តែ​ការពារ​សិទ្ធិ​នុយក្លេអ៊ែរ​ស៊ី​វិល​ប៉ុណ្ណោះ​ ។

អ៉ីរ៉​ង់​កាលពី​យប់​ថ្ងៃ​ទី​៩ ​ឧសភា បាន​គំរាម​វាយប្រហារ​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក ក្នុង​តំបន់ ក្នុង​ករណី​មានការ​វាយប្រហារ​កង​នាវា​ដឹក​ទំនិញ​របស់​ខ្លួន បន្ទាប់​ពី​ការ​វាយប្រហារ​ប្រឆាំង​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​ខ្លួន​មក​។ កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​ព្រមាន​ថា រាល់​ការ​វាយប្រហារ បណ្ដា​នាវា​ដឹក​ប្រេង​និង​នាវា​ពាណិជ្ជកម្ម​អ៉ី​រ៉​ង់ នឹង​នាំ​ឲ្យ​មានការ​តបត​វិញ​ធ្ងន់ធ្ងរ​មួយ ប្រឆាំង​មជ្ឈមណ្ឌល​មួយ ក្នុង​ចំណោម​មជ្ឈមណ្ឌល​អា​មេ​រិ​ក​ក្នុង​តំបន់ ព្រមទាំង​ប្រឆាំង​បណ្ដា​នាវា​សត្រូវ​ ។

ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​កាលពី​ថ្ងៃ​ទី​១០​ ឧសភា​ មានការ​វាយប្រហារ​ថ្មី​ៗ​។ នៅ​កា​តា​នាវា​១​គ្រឿង​​មក​ពី​ក្រុង​អា​ប៊ូ​ដា​ប៊ី រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​១​គ្រឿង​មុន​ពេល​បន្តដំណើរ​។ ទីភ្នាក់ងារ​ព័ត៌មាន​អ៉ីរ៉​ង​FARS អះអាង​ថា នាវា​នោះ​ដោត​ទង់ជាតិ​អា​មេ​រិ​ក ​និង​ជា​របស់​អា​មេ​រិ​ក​។ ប្រទេស​ដទៃ​ៗ​ទៀត​ក៏​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ដែរ​ ។ ប្រទេស​គុយ​វ៉ែត​មិន​បាន​និយាយ​ចំ​ថា​ដ្រូ​ន​ដែល​វាយប្រហារ​ប្រទេស​ខ្លួន​មក​ពី​អ៉ី​រ៉​ង់​ឡើយ តែ​ក្រុង​អា​ប៊ូ​ដា​ប៊ី​បាន​និយាយ​ត្រង់​ៗ​ថា​ចំ​ឈ្មោះ​អ៉ី​រ៉​ង់​តែ​ម្ដង​។ ការ​វាយប្រហារ​ទាំងនោះ​កើត​មាន​២​ថ្ងៃ ​បន្ទាប់​ពី​កងទ័ព​អា​មេ​រិ​ក វាយប្រហារ​នាវា​ដឹក​ប្រេង
អ៉ីរ៉​ង់​២​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​។ អ៉ី​រ៉​ង់​បាន​គំរាម​សងសឹក​វិញ​ប្រឆាំង​បណ្ដា​នាវា​និង​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ ។

ប្រធានាធិបតី​អ៉ី​រ៉​ង់​លោក​ម៉ា​ស៊ូ​ដ​ប៉េ​ហ្សេ​ស​គី​យ៉ា​ន់​ បាន​សរសេរ​តាម​បណ្ដាញ​សង្គម​X ថា យើង​មិន​ឱនក្បាល​ដាច់ខាត​នៅ​មុខ​សត្រូវ ហើយ​ការ​ចរចា​មិនមែន​ជា​ការ​ចុះចាញ់​ឬ​រា​ថយ​ឡើយ​ ។
ចំណែក​​បារាំង​ និង​អង់គ្លេស​វិញ​បាន​ខិតខំ​ធ្វើ​សកម្មភាព​ដើម្បី​បង្កើត​ក្រុមចម្រុះ​អន្តរជាតិ សំដៅ​ការពារ​សន្តិសុខ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​បន្ទាប់​ពី​ការ​ដោះស្រាយ​ជម្លោះ​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​ប្រទេស​ទាំង​២​នឹង​ដឹកនាំ​រួម​គ្នា ធ្វើ​កិច្ចប្រជុំ​តាម​តេ​ឡេ​ខេន​ហ្វេ​រេ​ន​មួយ ជាមួយ​សម​ភាគី​នៃ​ប្រទេស​៤០​ទៀត ដែល​ត្រៀម​ចូលរួម​ក្នុង​បេសកកម្ម​បែប​នេះ​ ។

អ៉ី​រ៉​ង់​បាន​ព្រមាន​ថា រាល់​ការ​ដាក់​ពង្រាយ​កងទ័ព​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយ​តប​វិញ​ខ្លាំងក្លា​ភ្លាម​ៗ​ពី​សំណាក់​​កងទ័ព​ខ្លួន ក្រោយ​ការ​ប្រកាស​របស់​បារាំង​និង​អង់គ្លេស ដាក់​ពង្រាយ​នាវាចម្បាំង​សម្រាប់​ធ្វើ​អន្តរាគមន៍​ក្នុង​តំបន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ