បន្ទាយមានជ័យ ៖ ក្រុមការងារត្រួតពិនិត្យពិសេស ចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។
នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស បានដឹកនាំក្រុមការងារចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៥ គ.មលេខ៣៤៩+២០០ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្ត សរុបចំនួន៦គ្រឿង មានបិទឡូហ្គោ DN, SS, ក្នុងនោះផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ៥គ្រឿង ដោយលើសទម្ងន់កម្រិតអនុញ្ញាតចន្លោះពី១០តោន ដល់៣២តោន គិតជាភាគរយចន្លោះពី៣៣% ដល់ ៨០% ៕





ចែករំលែកព័តមាននេះ