រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅខណ្ឌមានជ័យ បានចាប់ខ្លួនជនជាតិចិន៣នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំង និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នាជំរិតទារប្រាក់ ។
សូមជម្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដែលបានរាយការណ៍ថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នោះ វេលាម៉ោង៧ព្រឹក នៅក្នុងបុរីប៉េង ហួត គម្រោង The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ពីខ្លួន ហើយបានលួចយកសម្ភារៈមានតម្លៃនៅក្នុងផ្ទះថែមទៀត
ផង ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមជំនាញ។ លុះរហូតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៤និង៣០នាទី កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ នៅចំណុចបុរីខាងលើ ៖
១-ឈ្មោះ LIU PING ភេទប្រុស អាយុ៤៣ឆ្នាំ ។ ២-ឈ្មោះ XIAO ZAILIN ភេទប្រុស អាយុ៤០ឆ្នាំ និង៣-ឈ្មោះ ZHANG SHIXIONG ភេទប្រុស អាយុ៣៣ឆ្នាំ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ