ទីក្រុងតេអេរ៉ង់៖ ប្រទេសអារ៉ាប់រួមបានចាត់វិធានការយោធាជាសម្ងាត់ប្រឆាំងអ៊ីរ៉ង់។ នេះបើយោងតាមអ្វីដែលសារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) ចុះផ្សាយកាលពីថ្ងៃចន្ទដោយដកស្រង់សម្ដីរបស់អ្នកដែលដឹងកិច្ចការនេះ។ ការដែលអារ៉ាប់រួមចូលខ្លួនពាក់ព័ន្ធនឹងបញ្ហានេះជាការបង្ហាញអំពីបម្លាស់ប្ដូរតុល្យភាពនៃសង្គ្រាម ហើយអាចរុញច្រានប្រទេសនៅឈូងសមុទ្រអារ៉ាប់មួយនេះដែលមានកម្លាំងយោធារឹងមាំឈរតទល់ដោយផ្ទាល់ផ្នែកយោធាប្រឆាំងអ៊ីរ៉ង់។

ការចុះផ្សាយរបស់សារព័ត៌មានដូចខាងលើនេះកើតមានឡើងចំពេលដែលលោកដូណាល់ត្រាំចេញសេចក្ដីព្រមានកាលពីយប់មិញថាបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ «នៅមានដង្ហើមផ្តឹកៗតែប៉ុណ្ណោះ»។ ពាក្យសម្ដីនេះធ្វើឱ្យមជ្ឈដ្ឋានទូទៅបារម្ភថាសង្គ្រាមរយៈពេលដប់សប្ដាហ៍កន្លងទៅនេះអាចនឹងផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីមានបទឈប់បាញ់រយៈពេលខ្លី ដែលពោរពេញដោយភាពផុយស្រួយ។

សង្គ្រាមអ៊ីរ៉ង់បានបន្ទច់បង្អាក់ការដឹកជញ្ជូនតាមកប៉ាល់កាត់ច្រកសមុទ្រហ័រម៉ូសដែលជាច្រកដឹកជញ្ជូនប្រេង និងឧស្ម័ន២០%ទៅកាន់ទីផ្សារពិភពលោក។ ប្រសិនបើសង្គ្រាមនេះផ្ទុះឡើងសាជាថ្មី ហើយលើកនេះប្រទេសអារ៉ាប់រួមចូលដៃជាមួយអាមេរិកទៀតនោះ ការដឹកជញ្ជូនថាមពលនឹងរឹតតែពិបាកខ្លាំង ហើយនឹងដាក់សម្ពាធសេដ្ឋកិច្ចក៏កាន់តែខ្លាំងទៅលើអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកដូណាល់ត្រាំទើបតែប្រកាសកាលពីពេលថ្មីៗនេះថាការទាមទាររបស់អ៊ីរ៉ង់ឆ្លើយតបទៅនឹងផែនការសន្តិភាព១៤ចំណុចរបស់លោកនោះជាការមិនអាចទទួលយកបានទាល់តែសោះ។ ក្នុងនោះអ៊ីរ៉ង់ទាមទារឱ្យអាមេរិកបញ្ឈប់ការវាយប្រហារ លុបចោលទណ្ឌកម្ម ផ្ដល់ប្រាក់សំណងថ្លៃខូចខាតដោយសារសង្គ្រាម និងលុបចោលការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់។ នៅពេលលោកត្រាំច្រានចោលការទាមទារទាំងនេះ វាបង្កើតជាភាពមិនប្រាកដប្រជា ហើយជាសញ្ញាបង្ហាញថាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយបញ្ហាប្រហែលជាលែងទៅរួចហើយ៕ ប្រភព៖ ញូស្វីក (Newsweek) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ