ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី​​ស្វែង​រក​អ្នក​បាត់​ខ្លួន​ឥណ្ឌូណេស៊ី​១៤​នាក់​ក្រោយ​ហេតុ​ការណ៍​លិច​ទូក

3 ម៉ោង មុន

ទី​ក្រុង​គូឡា​ឡាំពួរ៖ ទី​ភ្នាក់​ងារ​ល្បាត​ដែន​សមុទ្រ​របស់​ម៉ាឡេស៊ី​បាន​បើក​យុទ្ធ​នា​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​១៤​នាក់​ក្រោយ​ការ​លិច​ទូក​មួយ​គ្រឿង​ដែល​គេ​ជឿ​ជាក់​ថា​ដឹក​អ្នក​ចំណាក​ស្រុក​ខុស​ច្បាប់​ជន​ជាតិ​ឥណ្ឌូណេស៊ី​ ហើយ​បាន​លិច​នៅ​ឆ្នេរ​សមុទ្រ​ខាង​លិច​កាល​ពី​ថ្ងៃ​ចន្ទ​។ អ្នក​នេសាទ​ម្នាក់​បាន​ជូន​ដំណឹង​នេះ​ទៅ​អាជ្ញា​ធរ​បន្ទាប់​ពី​គាត់​ឃើញ​ជន​រង​គ្រោះ​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះ​ផាង​គ័រ (Pangkor)។​ នេះ​បើ​យោង​តាម​លោក​មហាម៉ាត់​ ស៊ូគ្រី ខូ​តូប (Mohamad…

ទី​ក្រុង​គូឡា​ឡាំពួរ៖ ទី​ភ្នាក់​ងារ​ល្បាត​ដែន​សមុទ្រ​របស់​ម៉ាឡេស៊ី​បាន​បើក​យុទ្ធ​នា​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​១៤​នាក់​ក្រោយ​ការ​លិច​ទូក​មួយ​គ្រឿង​ដែល​គេ​ជឿ​ជាក់​ថា​ដឹក​អ្នក​ចំណាក​ស្រុក​ខុស​ច្បាប់​ជន​ជាតិ​ឥណ្ឌូណេស៊ី​ ហើយ​បាន​លិច​នៅ​ឆ្នេរ​សមុទ្រ​ខាង​លិច​កាល​ពី​ថ្ងៃ​ចន្ទ​។ អ្នក​នេសាទ​ម្នាក់​បាន​ជូន​ដំណឹង​នេះ​ទៅ​អាជ្ញា​ធរ​បន្ទាប់​ពី​គាត់​ឃើញ​ជន​រង​គ្រោះ​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះ​ផាង​គ័រ (Pangkor)។​ នេះ​បើ​យោង​តាម​លោក​មហាម៉ាត់​ ស៊ូគ្រី ខូ​តូប (Mohamad ⁠Shukri Khotob) ជា​នាយកគ្រប់​គ្រង​លំហ​សមុទ្រ​ប្រចាំ​រដ្ឋ​ភេ​រ៉ាក់​ (Perak) ថ្លែង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​។

នាវា​នេសាទ​ត្រី​មួយ​​គ្រឿង​​​ជួយ​សង្គ្រោះ​ជន​ជាតិ​ឥណ្ឌូណេស៊ី​បាន​២៣​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​៧​នាក់​។ ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ជួប​នគរ​បាល​ជើង​ទឹក​ដើម្បី​រៀប​ចំ​ឯក​សារ​ និង​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​។ លទ្ធ​ផល​ស្រាវ​ជ្រាវ​បឋម​បង្ហាញ​ថា​ទូក​ដែល​លិច​នោះ​​ដឹក​មនុស្ស​៣៧​នាក់ និង​បាន​ចាក​ចេញ​ដំណើរ​ពី​​ទី​ក្រុង​គីសារ៉ាន់ (Kisaran) ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​។ គោល​ដៅ​របស់​ពួក​គេ​គឺ​តម្រង់​ឆ្ពោះ​ទៅ​រក​ទី​ក្រុង​គូឡាឡាំពួរ​ និង​កោះ​ប៉េណាំង (Penang)។

​លោក​មហាម៉ាត់​ ស៊ូគ្រី​ថ្លែ​ង​ថា​សម្រាប់​ពេល​នេះ ជន​រង​គ្រោះ​ដែល​នៅ​សល់​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​។ អាជ្ញា​ធរ​នៅ​តែ​បន្ត​ការ​ស្វែង​រក​ដដែល​។ ឧបទ្ទ​វ​ហេតុ​តែង​តែ​កើត​មាន​ជា​រឿយ​ៗ​នៅ​លើ​លំហ​សមុទ្រ​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​។ ភាគ​ច្រើន​បណ្ដាល​មក​ពី​ទូក​ដឹក​អ្នក​ដំណើរ​ផ្ទុក​មនុស្ស​លើស​ចំណុះ​។

ទូក​ទាំង​នោះ​ដឹក​អ្នក​ចំណាក​ស្រុក​ជា​លក្ខណៈ​ធ្វើ​ដំណើរ​រសាត់​អណ្ដែត​បែប​ផ្សង​ព្រេង​ដើម្បីស្វែង​រក​ជី​វិត​​​កាន់​តែ​ប្រសើរ​។ ពួក​គេ​រក​ការ​ងារ​ធ្វើ​នៅ​តាម​ចម្ការ​ ឬ​រោង​ចក្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​។ គេ​ប៉ាន់​ស្មាន​ថា​ជន​ជាតិ​ឥណ្ឌូណេស៊ី​ចន្លោះ​ពី​មួយ​សែន​ទៅ​ពីរ​សែន​នាក់​ធ្វើ​ដំណើរ​ផ្សង​ព្រេង​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​។ ពួក​គេ​ច្រើន​ចាញ់​បោក​មេ​ខ្យល់​ដែល​និយាយ​ពន្យុះ​ឱ្យ​ពួក​គេ​ចាក​ចោល​មាតុ​ភូមិ​ដើម្បី​កេង​ចំណេញ​ពី​ការ​ដឹក​ជញ្ជូន​មនុស្ស​ខុស​ច្បាប់​។ ​នេះ​បើ​យោង​តាម​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចំណាក​ស្រុក​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ