ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​វាស់វែង និង​បោះបង្គោល​ព្រំ​ដី​ដោយ​ខុសច្បាប់​នៅ​ភូមិ​ជោគជ័យ ស្រុក​អូរ​ជ្រៅ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​ថា កម្ពុ​ជាត​វ៉​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់ របស់​ថៃ លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា សូម​ធ្វើការ​តវ៉ា​ជំទាស់​ជា​ផ្លូវការ​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ លើ​អធិបតេយ្យ នៅ​ក្នុង​តំបន់​ដែល​កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​កាន់កាប់​ដោយ​ខុសច្បាប់ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​មុន​មក​។

នៅ​ចន្លោះ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ក្រុមការងារ​វាស់វែង​ដីធ្លី​ថៃ​មួយ​ក្រុម រួម​ជាមួយ​ប្រជាពលរដ្ឋ​ថៃ ប្រមាណ​២៥​នាក់ និង​យានយន្ត​ចំនួន​៩​គ្រឿង អមដំណើរ បាន​ចុះ​វាស់វែង​ដីធ្លី និង​បោះបង្គោល ព្រំ​ដី នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ តាម​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ បង្គោល​លេខ​៤៦ និង​៤៧ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​តវ៉ា​ជំទាស់​យ៉ាង​ដាច់អហង្ការ ចំពោះ​សកម្មភាព​ខាងលើ ដែល​រំលោភ​បំពាន យ៉ាង​ច្បាស់​លើ​មាត្រា​៥ នៃ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU-2000) រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ ស្ដី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន គោក និង​បែបបទ​បច្ចេកទេស​ឆ្នាំ​២០០៣ (TOR 2003) ក៏​ដូច​ជា​កំណត់ហេតុ នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ​។ សកម្មភាព​ទាំងនេះ ក៏​ជា​ការ​បំពាន​លើ​ចំណុច​ទី​១ (​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​) នៃ​សេចក្ដី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ប្រគល់​ភារៈកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដើម្បី​បន្ត ការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង ប្រទេស​ទាំង​ពីរ ។

កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត នូវ​ខ្សែ​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​របស់​ថៃ​ឡើយ និង​សូម​បញ្ជាក់​ថា សកម្មភាព​ថ្មី​ៗ​នេះ នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ ។

រាជរដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ បញ្ឈប់​រាល់​សកម្មភាព​ជា​ឯកតោភាគី ហើយ​ត្រូវ​ធ្វើការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក ព្រមទាំង​រក្សា​សន្តិភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។

កម្ពុជា បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករ​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ ប្រទេស​ថៃ ក៏​ដូច​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​មធ្យោបាយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី ដែល​មាន​ស្រាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​ថា បន្ទាត់​ព្រំដែន​មិន​ត្រូវ ផ្លាស់​ប្តូរ​ដោយ​ប្រើ​កម្លាំង​នោះ​ឡើយ ៕