ទីក្រុងព្យុងយ៉ាង៖ កូរ៉េខាងជើងអាចនឹងសាងសង់នាវាចម្បាំង២គ្រឿងក្នុងមួយឆ្នាំៗនារយៈពេល៥ឆ្នាំខាងមុខ។ នាវានោះមួយគ្រឿងមានទម្ងន់៥ពាន់តោន។ នេះបើយោងតាមមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ថ្លែងនៅឯពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាវាពិឃាតមួយគ្រឿង។ លោកគីមថ្លែងនៅក្នុងពិធីដែលរៀបចំនៅកំពង់ផែណាំផូ (Nampho) ដើម្បីអបអរសាទរការដាក់ឱ្យប្រើប្រាស់នាវាពិឃាតឈ្មោះឆូយុន (Choe Hyon) ដែលអាចបំពេញមុខងារបានច្រើន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង ខេស៊ីអឹនអេ (KCNA)។

នាវាពិឃាតខាងលើនេះត្រូវបានបើកបរសាកល្បងរយៈពេល១៤ខែដើម្បីធ្វើតេស្តសមត្ថភាពបំពេញការងារផ្នែកយោធាប្រកបដោយជោគជ័យ។ កូរ៉េខាងជើងមានគម្រោងដាក់ឱ្យដំណើរការនាវាពិឃាតមួយគ្រឿងទៀតដែលមានទម្ងន់៥ពាន់តោនដូចគ្នាឈ្មោះកាងគុន (Kang Kon) នាពេលឆាប់ៗនេះ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងក៏ត្រៀមដាក់ឱ្យប្រើប្រាស់នាវាចម្បាំងជាយុទ្ធសាស្ត្រដែលមានទម្ងន់មួយម៉ឺនតោន។ នេះបើយោងតាមការប្រកាសរបស់លោកគីមជុងអ៊ុន។

នាវាកាងគុនត្រូវគេយកទៅជួសជុលកាលពីឆ្នាំមុនបន្ទាប់ពីជួបនឹងឧបទ្ទវហេតុផ្អៀងទៅម្ខាងនៅពេលបើកសម្ពោធ។ លោកគីមថ្លែងថាកងទ័ពជើងទឹកធ្លាប់មានកម្លាំងខ្សោយជាងគេនៅក្នុងជួរកងទ័ពកូរ៉េខាងជើង។ ប៉ុន្តែលោកថាឥឡូវនេះមិនដូចមុនទេព្រោះកងទ័ពជើងទឹកបានពង្រឹងសមត្ថភាពឱ្យខ្លាំងពូកែមិនគួរឱ្យជឿ។ លោកថាការស្ថាបនាមូលដ្ឋានកងទ័ពជើងទឹកដែលមានលក្ខណៈទំនើបគឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវធ្វើជាបន្ទាន់។

ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះថ្លែងថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ មន្ត្រីនៃគណៈមជ្ឈិមបក្សពលករបានដាក់ចេញផែនការសាងសង់មូលដ្ឋាននាវាចម្បាំងជាច្រើនកន្លែងទៀត។ លោកគីមថាបម្លាស់ប្ដូរសំខាន់ជាងគេនៅក្នុងកងទ័ពជើងទឹកគឺការកែប្រែឋានៈរបស់ខ្លួន តួនាទី និងទំហំនៃប្រតិបត្តិការសឹក។ លោកថ្លែងដូច្នេះដោយមិនបានបរិយាយលម្អិតទេ។ ការបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងជួរកងទ័ពជើងទឹកកូរ៉េខាងជើងកំពុងបោះជំហាននៅលើមាគ៌ារបស់ខ្លួន ហើយនឹងចូលរួមចំណែកនៅក្នុងការពារជាតិ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ