ឃាត់ខ្លួនជនសង្ស័យម្នាក់ជិះកង់ដើរលួ.ចកា.ត់ខ្សែភ្លើងនៅពេលយប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងល្បាតផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកល្បាត បានធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពជិៈកង់ លួចកាត់ខ្សែភ្លើងនៅពេលយប់ព្រមទាំង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
តាមអធិការដ្ឋានខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២និង៣០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីករណី លួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់ខ្សែភ្លើង)ដោយ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០ ផ្លូវ៣១៣ ក្រុមទី៣៤ ភូមិ៧ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១២និង៣០នាទីរំលងអាធ្រាត្រ នាថ្ងៃដដែល ។
ជនសង្ស័យឈ្មោះ ឈូក ឡុក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។បន្ទាប់ពីឃាត់ខ្លួនដកហូតវត្ថុតាងចាប់យកមាន៖ថង់ក្រណាត់ពណ៌សូកូឡាចំនួន០១ (សម្រាប់ច្រកខ្សែភ្លើង) , កង់តួប្រុសពណ៌ខ្មៅចំនួន០១គ្រឿង , ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅចំនួន០១គ្រឿង (ចាប់យកផ្ទាល់ខ្លួនពីជនសង្ស័យរូបនេះ) និងខ្សែភ្លើងស្ពាន់បកស្រោមជ័ររួចមួយចំនួន (ជារបស់ជនរងគ្រោះជាម្ចាស់ផ្ទះដែលជនសង្ស័យឈ្មោះ ឈូក ឡុក និងបក្ខពួកលួចកាត់យកនៅពេលកើតហេតុ) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕






ចែករំលែកព័តមាននេះ