ខេត្តស្វាយរៀង ៖ លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលចំហ និងស្រាវជ្រាវ បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ចំនួន០៥ទីតាំង ស្ថិតនៅនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ២៨នាក់ ស្រី០៣នាក់ (ជនជាតិវៀតណាម ២៦នាក់ ស្រី០៣នាក់,ជនជាតិចិន ០២នាក់ ប្រុស) ។
ការចុះអនុវត្តនេះធ្វើឡើងកាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសៀល បិទទីតាំងបណ្ដោះអាសន្ន ៕

















ចែករំលែកព័តមាននេះ