សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការលេងទូរស័ព្ទឬថេប្លែតមុនចូលគេងមិនត្រូវបានណែនាំទេ ប៉ុន្តែអ្នកជំនាញផ្នែកដំណេកអះអាងថា ការស្តាប់តន្ត្រី Podcast សៀវភៅសំឡេង ឬកម្មវិធីទូរទស្សន៍ដោយមិនមើលអេក្រង់ អាចជួយឱ្យមនុស្សមួយចំនួនងាយលង់លក់ និងគេងបានល្អ។
អ្នកជំនាញណែនាំឱ្យជ្រើសរើសខ្លឹមសារដែលស្ងប់ស្ងាត់ មិនរំភើប ឬគួរឱ្យតាមដានខ្លាំងពេក ព្រោះវាអាចធ្វើឱ្យខួរក្បាលនៅតែភ្ញាក់។ ក៏គួរកំណត់ Auto Timer ដើម្បីបិទសំឡេងក្រោយពេលលង់លក់ ជៀសវាងសំឡេងរំខានដែលអាចបំបាក់ដំណេកដោយមិនដឹងខ្លួន។
សំឡេងថេរដូចជា White Noise ឬ ASMR ក៏អាចជួយបិទបាំងសំឡេងរំខានពីបរិយាកាសខាងក្រៅ និងធ្វើឱ្យគុណភាពដំណេកប្រសើរឡើង ជាពិសេសសម្រាប់អ្នករស់នៅតំបន់មានសំឡេងអ៊ូអរ។
ទោះជាយ៉ាងណា ប្រសិនបើអ្នកត្រូវពឹងផ្អែកលើការស្តាប់សំឡេងដើម្បីគេងរាល់យប់ ប៉ុន្តែនៅតែគេងមិនលក់រយៈពេលលើសពី ២–៤ សប្ដាហ៍ អ្នកជំនាញណែនាំឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកដំណេក ដើម្បីស្វែងរកមូលហេតុ និងទទួលការព្យាបាលសមស្រប៕
ចែករំលែកព័តមាននេះ