ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​កំពុង​​គំ.រា.ម​កំ.ហែង​ទី​ក្រុង​ប័រ​ដូរ​របស់​ប្រ​ទេស​បារាំង​ ខណៈ​ដែល​អេស្ប៉ាញ​ក៏​ជួប​អាសន្ន​ដូច​គ្នា

3 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​កន្លែង​កំពុង​រាល​ដាល​ជិត​ដល់​ទី​ក្រុង​ប័រដូ​របស់​ប្រទេស​បារាំង​ហើយ​។ ទី​នេះ​ជា​ទី​ក្រុង​ប្រវត្តិ​សាស្ត្រ​ផង ហើយ​ក៏​ជា​សម្បុក​ដំណាំ​ទំពាំង​បាយ​ជូរ​សម្រាប់​ផលិត​ស្រា​ផង​ដែរ​។ នៅ​ពេល​នេះ បារាំង​ និង​អេស្ប៉ាញ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្ខំ​ឱ្យ​ប្រជា​ជន​រាប់​សែន​នាក់​រត់​​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​។ នៅ​បារាំង​ មនុស្ស​ប្រហែល​២​សែន​នាក់​បាន​ជម្លៀស​ខ្លួន​ ចំណែក​នៅ​អេស្ប៉ាញ​មនុស្ស​ជាង​៧,៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​។ មនុស្ស​៣​ម៉ឺន​នាក់​បាន​ទទួល​បាន​បញ្ជា​ពី​អាជ្ញា​ធរ​​រួច​ហើយ​ដើម្បី​ត្រៀម​ជម្លៀស​ខ្លួន​នៅ​ក្នុងករណី​ចាំ​បាច់​។

នៅ​បារាំង​ ភ្លើង​ឆេះ​ព្រៃ​បាន​ដុត​បំផ្លាញ​តំបន់​ជ្រោយ​ Cap Ferret នៃ​ឆ្នេរ​មហា​សមុទ្រ​អាត្លង់​ទិច​ដែល​ជា​តំបន់​​ទេស​ចរណ៍ដ៏​ពេញ​និយម​។ ភ្លើង​បន្ត​ឆាប​ឆេះ​តំបន់​ខ្សែ​ក្រវាត់​​ក្រុង​ប័រ​ដូ ខណៈ​ដែល​ភ្នាក់​ងារ​អគ្គិ​ភ័យ​កំពុង​ខិត​ខំ​ទប់​ស្កាត់​មិន​​ឱ្យ​ភ្លើ​ង​នេះ​ឆេះ​រាល​ដាល​​ទៅ​ដល់​តំបន់​កណ្ដាល​ក្រុង​។ អភិ​បាល​ក្រុងប័រ​ដូថ្លែង​ថា​ភ្លើង​ឆេះ​ព្រៃ​ស្ថិត​នៅ​ចម្ងាយ​១៥​គីឡូ​ម៉ែត្រ​ពី​ចំណុច​កណ្ដាល​នៃ​ទី​ក្រុង​នេះ​។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថ្លែង​​​ថា​ភ្លើង​បន្ត​ឆាប​ឆេះ​មិន​​អាច​គ្រប់​គ្រង​បាន​​ទេ​ ហើយ​វា​កំពុង​តម្រង់​ទិស​ដៅ​ទៅ​រក​ទី​ក្រុង​ប័រ​ដូ​។ សភាព​ការណ៍​ជា​ទូទៅ​មិន​ល្អ​ទាល់​តែ​សោះ​។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​។

អាជ្ញា​ធរ​មិន​មាន​ផែន​ការ​ជម្លៀស​ប្រជា​ជន​ចេញ​ពី​ទី​ក្រុង​ប័រ​ដូរ​ដែល​​មាន​មនុស្ស​រស់​នៅ​៨,៥​សែន​នាក់​​នោះ​ទេ​។ អាជ្ញា​ធរ​នឹង​បន្ត​វាយ​តម្លៃ​សភាព​ការណ៍​ដោយ​អារម្មណ៍​នឹង​ន និង​ដោយ​ភាព​ប្រាកដ​និយម​។ ​នៅ​ពេល​ភ្លើង​បន្ត​ឆាប​ឆេះ​យ៉ាង​ដូច្នេះ​ នគរ​បាល​ត្រូវ​ដើរ​គោះ​ទ្វារ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ទី​ក្រុង​មួយ​ចំនួន​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​។ អាជ្ញា​ធរ​បាន​ផ្សព្វ​ផ្សាយ​រូប​ភាព​វីឌីអូ​បង្ហាញ​រូប​​ចុះ​គោះ​ទ្វារ​ទាំង​យប់​អធ្រាត្រ​ និង​ប្រាប់​ឱ្យ​ប្រជា​ជន​ប្រញាប់​ចាក​ចេញ​។ នៅ​អេស្ប៉ាញ នាយក​រដ្ឋ​មន្ត្រី​ឆ្វេង​និយម​ ប៉េដ្រូ សាន់​ឆេស​ ចុះ​ទស្សន​កិច្ច​នៅ​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​អាវីយ៉ា​ដែល​ជា​ខេត្ត​មួយ​នៅ​ក្នុង​ចំណោម​ខេត្តរង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​​ទាំង​៣រួម​ទាំង​ម៉ាឌ្រីត និង​តូឡេដូផង​ដែរ​។

ភ្លើង​បាន​ដុត​បំផ្លាញ​ព្រៃ​ឈើ​នៅលើ​ផ្ទៃ​ដី​ជាង​៥​ម៉ឺន​ហិច​តារ​នៅ​អាវីយ៉ា ហើយ​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អេស្ប៉ាញ​សម័យ​ទំនើប​។ ភ្លើ​ង​ឆេះ​ព្រៃ​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​ Castellon បាន​ដុត​បំផ្លាញ​ព្រៃ​នៅ​លើ​ផ្ទៃ​ដី​ជាង​៤៣០០​ហិច​តារ​។ អាជ្ញា​ធរ​ថ្លែង​ថា​ភ្លើង​នេះពិបាក​ពន្លត់​ណាស់​ដោយ​សារ​អាកាស​ធាតុ​អាក្រក់​ដែល​នឹង​បន្ត​កើត​មាន​ពេញ​មួយ​ថ្ងៃ​​។ ភ្លើង​បាន​រីក​រាល​ដាល​ទៅ​ដល់​សួន​ឧទ្យាន​ធម្ម​ជាតិ​ Sierra de Espadan ដែល​សម្បូរ​ដើម​ស្រល់​ និង​ដើម​សែន​ (chêne)។ នេះ​ជា​គ្រោះ​ធម្ម​ជាតិ​ថ្មី​បំផុត​ដែល​បង្ក​ឡើង​ដោយ​​​​គ្រោះរាំង​ស្ងួត​រយៈ​ពេល​វែង និង​ការ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ទាំង​នៅ​ប័រដូរ​របស់​ប្រទេស​បារាំង និង​អាវីយ៉ា​របស់​អេ​ស្ប៉ាញ សីតុណ្ហ​ភាព​ក្ដៅ​នៅ​ខែ​កក្កដា​នេះ​​​ជា​មធ្យម​៣២​អង្សា​។ មាន​ន័យ​ថា​ឡើង​៦​អង្សា​លើស​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ចន្លោះ​ឆ្នាំ​១៩៦១​ដល់​១៩៩០​៕ ប្រភព៖ Reuters​