ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់ នៅ​ក្រុង​បា​វិត

1 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​វីឡា​ជួល ស្ថិត​នៅ​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៨​នាក់ ស្រី ០៣​នាក់ ជា​ជនជាតិ​វៀតណាម ព្រមទាំង​បាន​ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន​៖ កំ​ព្យូ​ទ័​រលើ​តុ All-In-One, ទូរ​សព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស ក្រុមការងារ​បាន​បិទ​សៀ​ល ទីតាំង​បណ្ដោះអាសន្ន ៕