ខេត្តជាច្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា អាចបន្តទទួលរងឥទ្ធិពលពីព្យុះទី២២ ឈ្មោះ ណូល (Noul) T2612 ខណៈតំបន់មាត់សមុទ្រត្រូវបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់រហូតដល់ប្រមាណ ៦០ភាគរយ អមដោយខ្យល់កន្ត្រាក់ និងរលកសមុទ្រមានកម្ពស់ខ្ពស់គួរឱ្យកត់សម្គាល់ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា ព្យុះទី២២ ឈ្មោះ ណូល (Noul) T2612 នៅតែបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ទោះបីជាព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះផ្ទាល់ក្តី។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានការប្រែប្រួលគួរឱ្យកត់សម្គាល់។
ការព្យាករណ៍ស្ថានភាពអាកាសធាតុតាមតំបន់នីមួយៗ

១. តំបន់វាលទំនាប
-សីតុណ្ហភាព៖ មធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C
-ខ្យល់បក់៖ មកពីទិសនិរតី និងទិសពាយព្យ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី
-បណ្តាខេត្តពាក់ព័ន្ធ៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាព៖ មធ្យមអប្បបរមា ២៣°C និងអតិបរមា ៣៥°C
-ខ្យល់បក់៖ មកពីទិសនិរតី និងទិសបស្ចឹមមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី
-បណ្តាខេត្តពាក់ព័ន្ធ៖ កំពង់ស្ពឺ ប៉ៃលិន ខេត្តឧត្តមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។

៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាព៖ មធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C
-ខ្យល់បក់៖ មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី
-បណ្តាខេត្តពាក់ព័ន្ធ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
-ស្ថានភាពសមុទ្រ៖ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ការជូនដំណឹង និងការប្រុងប្រយ័ត្ន
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សាធារណជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតអាកាសធាតុប្រែប្រួលដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់មាត់សមុទ្រ៕
ចែករំលែកព័តមាននេះ