ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​នឹង​​បន្ត​​​ដក​បុគ្គលិក​ទូត​​​ដើម្បី​ប្រឆាំង​នឹង​ករណី​អ៊ុយ​ក្រែន​បញ្ចេញ​ការណ៍​សម្ងាត់​អំពី​ឈ្លើយ​សឹក​កូរ៉េ​ខាង​ជើង

2 ម៉ោង មុន

ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងប្រកាសនៅថ្ងៃនេះថាខ្លួនត្រៀមដកបុគ្គលិកទូតរបស់ខ្លួនមួយចំនួនចេញពីទីក្រុងកៀវស្របពេលដែលទំនាស់រវាងខ្លួន និងអ៊ុយក្រែនបន្តកើតឡើងក្រោយការទម្លាយការណ៍សម្ងាត់ពាក់ព័ន្ធនឹងការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទៅទីក្រុងសេអ៊ូល។ ជម្លោះការទូតរវាងប្រទេសទាំង២ចាប់ផ្ដើមកើតមានឡើងបន្ទាប់ពីប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ឡើងប្រកាសនៅមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាអំពីការផ្ទេរឈ្លើយសឹកនោះ។ កូរ៉េខាងត្បូងចោទប្រកាន់ថាអ៊ុយក្រែនធ្វើនេះជាការរំលោភកិច្ចព្រមព្រៀងដែលប្រទេសទាំង២បានឯកភាពគ្នាថានឹងរក្សាទុករឿងនេះជាការណ៍សម្ងាត់។ ទោះជាយ៉ាងណាក្ដី អ៊ុយក្រែនបដិសេធថាគ្មានការព្រមព្រៀងគ្នាដូច្នេះទេ។

អ៊ុយក្រែនអះអាងថាការព្រមព្រៀងគ្នានោះនិយាយគ្នាតែមាត់ទទេរវាងអ្នកការទូតថ្នាក់ក្រោមប៉ុណ្ណោះ។ ពោលគឺមិនមែនជាការព្រមព្រៀងរវាងមេដឹកនាំ និងមេដឹកនាំទាល់តែសោះ។ កូរ៉េខាងត្បូងបានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអ៊ុយក្រែនត្រឡប់ទៅទីក្រុងសេអ៊ូលវិញកាលពីដើមខែតុលាដើម្បីជាការប្រឆាំងជំទាស់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនថ្លែងប្រាប់អ្នកសារព័ត៌មានថារដ្ឋាភិបាលរបស់ខ្លួននៅតែបើកទូលាយជានិច្ចសម្រាប់ការសន្ទនាគ្នាប្រកបដោយការស្ថាបនា។ លោកថាមធ្យោបាយការទូតនៅតែជាជម្រើសល្អជានិច្ច។ គេមិនត្រូវធ្វើការដោយប្រើអារម្មណ៍នោះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងថ្លែងថាការសម្រេចចិត្តដកបុគ្គលិកទូតបន្ថែមទៀតនេះដោយសារអ៊ុយក្រែនខ្វះខាតការដាក់ចេញវិធានការប្រកបដោយការស្ថាបនាដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ទីក្រុងសេអ៊ូល និងម៉្យាងទៀត កូរ៉េខាងត្បូងក៏បារម្ភផងដែរអំពីការវាយប្រហារកាន់តែខ្លាំងឡើងៗពីសំណាក់យោធារុស្ស៊ីទៅលើអ៊ុយក្រែន។ ដូច្នេះត្រូវតែដកបុគ្គលិកជាបន្តបន្ទាប់។ កូរ៉េខាងត្បូងមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើបុគ្គលិកទូតដែលដកចេញលើកនេះមានចំនួនប៉ុន្មាននាក់ ហើយក៏មិនបានបញ្ជាក់ថានឹងដកចេញនៅពេលណាដែរ។ លោកថ្លែងថាកូរ៉េខាងត្បូងនឹងរក្សាទុកភារធារី និងបុគ្គលិកដែលចាំបាច់ប៉ុណ្ណោះដើម្បីបន្តទំនាក់ទំនងជាមួយអាជ្ញាធរអ៊ុយក្រែន និងជួយបំពេញតម្រូវការរបស់ពលរដ្ឋកូរ៉េខាងត្បូងនៅអ៊ុយក្រែន។

លោកថ្លែងបន្តទៀតថាយើងនៅតែបន្តរក្សាទំនាក់ទំនងជាមួយគ្នា។ គោលបំណងរបស់យើងគឺដើម្បីស្វះស្វែងរកដំណោះស្រាយដ៏ប្រាកដប្រជាមួយតាមរយៈការពិគ្រោះយោបល់គ្នាជាមួយអ៊ុយក្រែន។ យើងបានបញ្ជាក់ជំហរ និងសំណើរបស់យើងច្បាស់លាស់អស់ហើយទៅកាន់អ៊ុយក្រែនពាក់ព័ន្ធនឹងបញ្ហាដែលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ សម្រាប់ពេលនេះ វាអាស្រ័យទៅលើអ៊ុយក្រែនតែប៉ុណ្ណោះក្នុងការផ្ដល់ចម្លើយតប ឬចាត់វិធានការដោយសមស្របដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ៕ ប្រភព៖ AP