ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ស្លា.ប់​៤​នា.ក់​ ខណៈ​ដែល​​ទំនាក់​ទំន​ង​លោក​ត្រាំ​ និង​លោក​ហ្សេឡិន​ស្គី​កំពុង​មាន​បញ្ហា​

43 នាទី មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ រុស្ស៊ី​វាយ​ប្រហារ​ដោយ​មីស៊ីល​ និង​ដ្រូន​ទៅ​លើ​ទី​តាំង​ស៊ីវិល​នៅ​អ៊ុយ​ក្រែន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​លោក​ហ្សេឡិនស្គី​កំពុង​​បំពេញ​ទស្សន​កិច្ច​នៅ​​ប្រទេស​ន័រ​វេ​ដើម្បី​​​ស្វះ​ស្វែង​រក​ការ​ធានា​ពី​អាមេរិក និង​អឺរ៉ុប​ក្នុង​ការ​​​​ជួយ​អ៊ុយ​ក្រែន​ជា​បន្ត​ទៀត​ ។ ប្រេសិត​ពិសេស​របស់​អាមេរិក លោក​ស្ទីវ​វីត​ខូស​ និង​​កូន​ប្រសា​របស់​លោក​ត្រាំ​ ព្យាយាម​​ទាំង​មិន​ជោគ​ជ័យ​ដើម្បី​អូស​ទាញ​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ឱ្យ​ខិត​ខំ​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។

លោក​ទាំង​២​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​អូស្លូ​។ នេះ​បើ​យោង​តាម​ការ​ជូន​ដំណឹង​ពី​រដ្ឋា​ភិ​បាល​ន័រ​វេ។ កូន​ប្រសា​លោក​ត្រាំ​នឹង​ចូល​រួម​កិច្ច​ជំនួប​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​។ នាយក​រដ្ឋ​មន្ត្រី​ន័រ​វេ​ និង​ប្រធានា​ធិបតី​ហ្វាំង​ឡង់​ត្រៀម​ជួប​លោក​ហ្សេឡិនស្គី​នៅ​ប្រទេស​ន័រ​វេ​។ នៅ​ពេល​នេះ​ ​ការ​គាំ​ទ្រ​របស់​អាមេរិក​ចំពោះ​អ៊ុយ​ក្រែន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ទេ​ដោយ​សារ​ទំនាក់​ទំនង​រវាង​លោក​ត្រាំ និង​លោក​ហ្សេឡិន​ស្គី​កំពុង​ប្រេះ​ឆា​គ្នា​​។ បន្ទាប់​ពី​អាមេរិក​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​រុស្ស៊ី​ និង​ឈាន​ដល់​​​កិច្ច​ព្រម​ព្រៀង​ទិញ-លក់​ប្រេង​ម៉ាស៊ូត លោក​ហ្សេ​ឡិនស្គី​ខឹង​សម្បារ​យ៉ាង​ខ្លាំង និង​រិះ​គន់​​​កិច្ច​ព្រម​ព្រៀង​នេះ​។ ហេតុ​នេះ​ លោក​ត្រាំ​ក៏​មាន​ប្រតិ​កម្ម​ត្រឡប់​ទៅវិញ​ដោយ​អំពាវ​នាវ​​ឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែន​ទម្លាក់​មេ​ដឹក​នាំរូប​នេះ​ចោល​។

ក្រោយ​មក​​ លោក​ត្រាំ​ចោទ​ប្រកាន់​​ថា​លោក​ហ្សេឡិនស្គី​មិន​ចង់​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ទេ​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​លោក​បាន​សន្ទនា​គ្នា​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីអូ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ទ្វីប​អាស៊ី​។ ​អ៊ុយក្រែន​ប្រើ​ប្រាស់​ជិត​អស់​មីស៊ីល​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​របស់​អាមេរិក​។ មាន​តែ​មីស៊ីល​នេះ​ប៉ុណ្ណោះ​អាច​​​បាញ់​ទម្លាក់​មីស៊ីលបា​លីស្ទីក​របស់​រុស្ស៊ី​។ លោក​ហ្សេ​ឡិន​ស្គី​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​អាមេរិក​បញ្ជូន​មីស៊ីល​នេះ​បន្ថែម​​​ទៀត​។ លោក​អះ​អាង​ថា​មន្ទីរ​បញ្ច​កោណ​ពន្យារ​ពេល​​​បញ្ជូន​មីស៊ីល​នេះ​ ទោះ​បី​ប្រទេស​ដទៃ​ទៀត​​​បាន​ទិញ​មីស៊ីល​នេះ​រួច​ហើយ​ក៏​ដោយ​​។

នៅ​ពេល​សមរភូមិ​ជើង​គោក​ស្ថិត​នៅ​ក្នុង​ភាព​មិន​ឈ្នះ​មិន​ចាញ់​ មាន​ន័យ​នៅ​ទ្រឹង​មួយ​កន្លែង លោក​ពូទីន​ចង់​ងាក​មក​វាយ​ប្រ​ហារ​តាម​អាកាស​ឱ្យ​បាន​ខ្លាំង​ក្លា​បំផុត​ដើម្បី​ឱ្យ​អ៊ុយ​ក្រែន​ចុះ​ចាញ់​ព្រោះ​រុស្ស៊ី​កំពុង​ឆ្លៀត​ឱកាស​ដែល​អាមេរិក​ចាប់​ផ្ដើម​បន្ថយ​ការ​គាំទ្រ​​ចំពោះ​អ៊ុយ​ក្រែន​។ ខាង​លើ​នេះ​ជា​ការ​យល់​ឃើញ​របស់​មេ​ដឹក​នាំ​បស្ចិម​ប្រទេស​ និង​ក្រុម​អ្នក​វិភាគ​។ ពួក​អឺរ៉ុប​ក៏​កំពុង​ខិត​ខំ​សម្បើម​ណាស់​ដែរ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែន​។ ប៉ុន្តែ​អាវុធ​យុទ្ធ​ភ័ណ្ឌ​សំខាន់​ៗ​ភាគ​ច្រើន​ផលិត​ដោយ​អាមេរិក​។ ដូចេ្នះ​បើ​អា​មេ​រិក​មិន​អនុញ្ញាត​ឱ្យ​បញ្ជូន​ទៅ​អ៊ុយ​​ក្រែន​ ក៏​ពួក​គេ​មិន​អាច​បញ្ជូន​ទៅបាន​ដែរ​​។

នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ថ្ងៃ​នេះ ក្រៅ​ពី​អ្នក​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​ មនុស្ស​២៧​នាក់​ទៀត​រង​របួស​។ មនុស្ស​បី​នាក់​ស្លាប់​ និង​៦​នាក់​រង​របួស​នៅ​សង្កត់​អូប៊ូគីវ (Obukhiv) នៃ​រដ្ឋ​ធានី​កៀវ នៅ​ពេល​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ឃ្លាំង​ដាក់​ឥវ៉ាន់​មួយ​កន្លែង​។ នៅ​សង្កាត់​ប៊ូចា (Bucha) ស្ត្រី​ម្នាក់​ស្លាប់​ និង​២១​នាក់​រង​របួស​។ អគារ​រាប់​រយ​ខ្នង​រង​ការ​ខូច​ខាត​។ រុស្ស៊ី​ក៏​វាយ​ប្រហារ​ទី​តាំង​ថាម​ពល​របស់​អ៊ុយ​ក្រែន​នៅ​តំបន់​អូដេ​សា (Odesa) ផង​ដែរ​កាល​ពី​យប់​មិញ​ ហើយ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​។ សំណាង​ល្អ​ មិន​មាន​នរណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ទេ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ប្រកាស​ថា​យោធា​របស់​ខ្លួន​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​ទីតាំង​ព័ស្តុភារ​​ កំពង់​ផែ និង​កប៉ាល់​ដឹក​ទំនិញ​បី​គ្រឿង​នៅ​តំបន់​អូដេសា​។​ រុស្ស៊ី​ក៏​ទទួល​រង​ការ​វាយ​ប្រហារ​ផង​ដែរ​។ យោធា​រុស្ស៊ី​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​១៣៦​គ្រឿង​នៅ​លើ​ទីតាំង​ជា​ច្រើន​កន្លែង​។ នៅ​លើ​ទីតាំង​ឧស្សាហ​កម្ម​មួយ​កន្លែង​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​៕ ប្រភព៖ AP​​