ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ​៖ យានយន្ត​អគ្គិសនី​ជួយ​សន្សំ​សំចៃ និង​ងាយស្រួល​គ្រប់គ្រង​ការ​ចំណាយ​ប្រចាំខែ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​សន្សំ​សំចៃ​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ងាយស្រួល​ប៉ាន់​ប្រមាណ​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ កាត់​បន្ថយ​ចំណាយ​លើ​ការ​ថែទាំ​មួយ​ចំនួន និង​រួមចំណែក​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​កម្មវិធី Podcast «​កញ្ចក់​ទិព្វ​» យប់​ថ្ងៃ​ទី​១៩ តុលា ថា​៖ «​យើង​ឃើញ​ថា អ្នក​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី គាត់​អាច​គ្រប់គ្រង​ការ​ចំណាយ​របស់​គាត់ ​បាន​ល្អ​ជាង​ការ​ដែល​យើង​ប្រើប្រាស់​ប្រេងឥន្ធនៈ ពីព្រោះ​តម្លៃ​សាក​ថ្ម​គឺ​អត់​ប្រែប្រួល​ទេ ទោះបីជា​ប្រេង​ឡើងថ្លៃ​យ៉ាងម៉េច ប៉ុន្តែ​អគ្គិសនី​កម្ពុជា​របស់​យើង គឺ​រក្សា​តម្លៃ​អគ្គិសនី​ដដែល​» ​។

ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា អត្ថប្រយោជន៍​មួយទៀត ​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី គឺ​ការ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ថែទាំ បើ​ប្រៀបធៀប​នឹង​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ ដោយសារ​យានយន្ត​អគ្គិសនី​មាន​ប្រព័ន្ធ​មេកានិច​សាមញ្ញ​ជាង និង​មិន​ត្រូវការ​ការ​ថែទាំ​មួយ​ចំនួន ដូច​ជា​ការ​ប្តូរ​ប្រេងម៉ាស៊ីន​។ ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ក៏​រួមចំណែក​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ផ្សែង​ ពី​យានយន្ត​នៅ​ពេល​បើកបរ​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា និន្នាការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ កំពុង​បន្ត​កើនឡើង​ជាស​កល ដោយសារ​តម្លៃ​យានយន្ត​កាន់តែ​មាន​ភាព​ធូរ​ថ្លៃ បច្ចេកវិទ្យា​ថ្ម​កាន់តែ​ប្រសើរ​ឡើង និង​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​កំពុង​ត្រូវ​បាន​ពង្រីក និង​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ ។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្ស៊ូ ម៉ូ​ទ័​រ (​ខេ​ម​បូ​ឌា​) បានឱ្យ​ដឹង​ថា ការ​ជំរុញ​ការ​ប្រើប្រាស់ និង​ការ​ផលិត​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ឱកាស​ការងារ អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក និង​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ផង​ដែរ ​។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​គ្រោង​វិនិយោគ​ប្រមាណ ៤៦​លាន​ដុល្លារ​អាម៉េរិក ដើម្បី​បង្កើត​រោងចក្រ​នៅ​ខេត្តពោធិ៍សាត់ ដែល​ជា​តំបន់​មាន​សក្តានុពល​ ផ្នែក​ថាមពល​ស្អាត និង​ថាមពល​អគ្គិសនី ស្រប​នឹង​ទិស​ដៅ​អភិវឌ្ឍ​យានយន្ត​អគ្គិសនី​។ តាម​ការ​គ្រោងទុក រោងចក្រ​នេះ​អាច​បង្កើត​ការងារ​បាន​ប្រមាណ ៤២៨​កន្លែង ដោយ​មិន​ទាន់​រាប់​បញ្ចូល​ឱកាស​ការងារ​បន្ថែម ​ក្នុង​វិស័យ​លក់ និង​សេវាកម្ម​ក្រោយ​ការ​លក់​នោះ​ទេ ​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​យានយន្ត​អគ្គិសនី ជា​ពិសេស​ការ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ និង​ការ​បំប្លែង​ជំនាញ​របស់​ជាង​ជួសជុល​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ ឱ្យ​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​យានយន្ត​អគ្គិសនី​ ៕ អត្ថបទសហការ