ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ូទី​វា.យ​ប្រ.ហារបន្ទាយ​ទាហាន​មួយ​កន្លែង​នៅ​យេម៉េន​ស្លា​.ប់​៥៨​នា.ក់​ និង​រ.បួ.ស​២០០​នា.ក់

2 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ​ក្រុម​ឧទ្ទាម​ហ៊ូទី​វាយ​ប្រហារ​ដោយ​មីស៊ីល​បាលីស្ទីក​ទៅ​លើ​​ទី​តាំង​ហ្វឹក​ហ្វឺន​យោធា​មួយ​កន្លែង​នៅ​ប្រទេស​យេម៉េន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥៨​នាក់​។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​​ជីវិត​មនុស្ស​បំផុត​មួយ​ចាប់​តាំង​ការ​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​​ឡើង​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​នេះ​។ ក្រៅ​ពី​អ្នក​ស្លាប់​ទាំង​នោះ ការ​វាយ​ប្រហារ​ក៏​បាន​បណ្ដាល​ឱ្យ​របួស​មនុស្ស​​២០០​នាក់​​ផង​ដែរ។ ពួក​គេ​​ជា​ទាហានដែល​ទើប​តែ​ជ្រើស​​រើស​បាន​ថ្មី​ៗ​។

ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​សាប​វ៉ា (Shabwa)។ ក្រុម​ហ៊ូទី​ប្រកាស​ទទួល​ស្គាល់​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​ពិត​មែន​។ សង្គ្រាម​រវាង​ក្រុម​ហ៊ូទី និង​កង​ទ័ព​រដ្ឋាភិបាល​យេម៉េន​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរ​ជាតិ និង​ដែល​មាន​ប្រទេស​​អារ៉ាប៊ី​សា​អូឌីត និង​សម្ព័ន្ធ​មិត្ត​​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​ផង​ដែរ​នោះ​កំពុង​តែ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​បន្ថែម​ពី​លើ​សង្គ្រាម​អុីរ៉ង់​ដែល​ចាប់​ផ្ដើម​តាំង​ពី​ចុង​ខែ​កុម្ភៈ និង​ដែល​មិន​ទាន់​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ឡើយ​ទេ​​។

ក្រុម​ហ៊ូទី​កំពុង​បង្ហាញថា​ពួក​គេ​​កាន់​តែ​មាន​សមត្ថ​ភាព​យោធា​ខ្លាំង​ឡើង​ៗ ​អាច​វាយ​ប្រហារ​លើ​ច្រើន​សមរភូមិ​នៅ​ក្នុង​ពេល​តំណាល​គ្នា​នា​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ ពួក​គេ​បន្ត​វាយ​ប្រហារ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​របស់​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​ដែល​មាន​ចម្ងាយ​រាប់​រយ​ម៉ាយ​ពីទីតាំង​របស់​ពួក​គេ​ និង​វាយ​ដណ្ដើម​កាន់​កាប់​ទី​តាំង​នៅ​ក្នុង​ប្រទេស​យេម៉េន​ក្បែរ​ច្រក​ចេញ​ចូល​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់​ដ៏​សំខាន់​មួយ​។

​នៅ​ពេល​មាន​សញ្ញា​ថា​ការ​វាយ​ប្រហា​ររបស់​ហ៊ូទី​អាច​​នឹង​ប៉ះ​ពាល់​សង្គម​របស់​អារ៉ាប៊ី​សា​អូឌីត​ ប្រទេស​នេះ​ក៏​សម្រេច​លុប​ចោល​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​វិនិយោគ​ជា​សាកល​ដែល​គ្រោង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ​។ អារ៉ាប៊ី​សាអូឌីត​ចេញបញ្ជា​ឱ្យ​សាលា​រៀន​នៅ​ទី​ក្រុង​រីយ៉ាត និង​ជុំ​វិញ​ទី​ក្រុង​នោះ​បន្ត​បង្រៀន​តាម​អន​ឡាញ​។ អុីរ៉ង់​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​លីបង់​ និង​អុីរ៉ាក់​បន្ត​ផ្ដល់​ជំនាញ ការ​ហ្វឹក​ហ្វឺន និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទំនើប​ៗ​ទៅ​ឱ្យ​ក្រុម​ហ៊ូទី​។ នេះបើ​យោង​តាម​អង្គ​ការ​សហ​ប្រ​ជា​ជាតិ និង​ក្រុម​អ្នក​ជំនាញ​។ បើ​ដូច្នេះ​មែន​ មាន​ន័យ​ថា​អុីរ៉ង់​ធ្វើ​ខុស​ពី​បម្រាម​របស់​ UN ស្ដីពី​ការ​ចែក​ចាយ​អាវុធ។ ប៉ុន្តែ​អុីរ៉ង់​តែង​តែ​ប្រកែក​អំពី​រឿង​នេះ​៕​ ប្រភព៖ AP, BBC