ម្ចាស់ចូលមើលប្រដាល់ ទុកម៉ូតូចោល ស្រាប់តែជនសង្ស័យកាច់សោ.ក ជិះគេចខ្លួនបាន១ម៉ោងកន្លះ ត្រូវអស់លក្ខណ៍
- សៀមរាប
ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ បានឱ្យលោកដឹកនាំបញ្ជាផ្ទាល់ ឱ្យលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរ បាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ ទោស(កាច់សោម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួចនាំយកមកធ្វើការសួរនាំ នៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ហេតុការណ៍ឃាត់ខ្លួន ក្រុមចោរកាច់សោរម៉ូតូនោះធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង១១និង៣០នាទីយប់ ស្ថិតនៅចំណុចមុខព្រលានជល់ដំរី ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ នេះថា បន្ទាប់ពីសមត្ថកិច្ចយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា នៅចំណុចមុខព្រលានជល់ដំរី ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចកាច់សោ.កម៉ូតូ ចំនួន២គ្រឿង មានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ បិទតំឡើងស៊េរី២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ វិត វឿន ភេទប្រុស និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ ម៉ាប់ ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ ខណៈពេលដែលជនរងគ្រោះទាំងពីរទុកម៉ូតូចោល ហើយនាំគ្នាចូលមើលកម្មវិធីប្រដាល់ ក្រោយ ពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ចយើងបានចេញល្បាត លុះនៅម៉ោង០១ និង ០០ នាទី អាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៦ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ បានជាបន្តបន្ទាប់ រួមទាំងវត្ថុតាងម៉ូតូជនរង គ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន១គ្រឿង យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យទាំងបី បានឆ្លើយដូចគ្នាថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន ។
ប្រភពបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមានឈ្មោះ ១-ឈ្មោះជន សុជាតិ ភេទប្រុសអាយុ១៩ ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកចំការលើ ខេត្តកំពង់ចាម រស់នៅបច្ចុប្បន្ន ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ ជា ចំរើន ហៅ ឆើត ភេទប្រុស អាយុ ១៩ ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និង ទីលំនៅ ភូមិស្លែងរលើង សង្កាត់ ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ឃាង នឿន ភេទប្រុស អាយុ៤៣ ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិព្រៃចាក់គ្រៃ ឃុំ ជាយគ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រស់នៅបច្ចុប្បន្ន រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតមាន ម៉ូតូជនរងគ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន ១គ្រឿង សោកែច្នៃចំនួន ១គ្រាប់ សោខ្សៀលេខ៨ ចំនួន១ កូនសោម៉ូតូបញ្ឆោតមិនទាន់កែច្នៃចំនួន ១គ្រាប់ និងទូរស័ព្ទចំនួន ៣គ្រឿង ។ (វត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ) យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល ឈ្មោះ ជា ចំរើន វិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ នៅរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធី រួចបញ្ជូនបន្តទៅកាន់តុលាការខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ។ ចំពោះម៉ូតូរបស់ជនរងគ្រោះទាំង២ នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ឱ្យយកទៅប្រើប្រាស់ វិញហើយ៕





ចែករំលែកព័តមាននេះ