ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តបណ្តេញជនជាតិឥណ្ឌូនេស៊ី ១៧៥នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រពន្ធបច្ចេកវិទ្យាទៅស្រុកវិញ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យ​ដឹង​ថា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ១៧៥​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ស្រុក​វិញ ។

អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​, ឯក ឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោ ប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​បណ្ដេញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​សរុប​ចំនួន ១៧៥ នាក់ (​ស្រី ២៥​នាក់​) ដែល​ពាក់ព័ន្ធ​នឹង ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ប្រភព​បាន​បន្ត​ថា ប្រតិបត្តិការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខុសច្បាប់​នេះ គឺជា​ការ​អនុវត្ត​តាម​បទបញ្ជា និង​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លង​មក​សម្តេច​ធិ​បតី ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ៗ​ថា ៖ «​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬ​ជន​ខុសច្បាប់​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំងធ្វើ​សកម្មភាព​ឆបោក ឬ​ប្រព្រឹត្ត​បទល្មើស​បង្ក​អសន្តិសុខ​ដល់​តំបន់ និង​ពិភពលោក​ឡើយ ។ អាជ្ញាធរ​ត្រូវ​តែ​បន្ត​បោសសម្អាត បង្ក្រាប និង​បណ្ដេញចេញ​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​ការពារ​កិត្តិយស និង​សន្តិសុខ​ជាតិ​» ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា ផ្អែក​លើ​ស្មារតី​នេះ និង​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​ដោយ​ផ្ទាល់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រាវជ្រាវ​បង្ក្រាប​ដល់​មេខ្លោង និង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ដែល​ត្រូវ​គេ​បោក​បញ្ឆោត ឱ្យ​ទទួល​បាន​សេរីភាព និង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព ៕