ទីក្រុងប៉ារីស៖ នគរបាលនៅទីក្រុងប៉ារីសចេញបម្រាមគោចរនៅពេលរាត្រីកាលពីយប់មិញនៅទីតាំង២កន្លែងនៃទីក្រុងនេះបន្ទាប់ពីមានសកម្មភាពកុប្បកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើបដែលប៉ុនប៉ងបំផ្លិចបំផ្លាញសាលាក្រុង អគារសាធារណៈដទៃទៀត និងហាងលក់ទំនិញរាប់ពាន់កន្លែងទូទាំងប្រទេសបារាំង។ បទបញ្ជាខាងលើនេះធ្វើឡើងដើម្បីទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាទៅលើប្រជាជន និងការលួចទ្រព្យសម្បត្តិ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់នគរបាលទីក្រុងប៉ារីស។

បទបញ្ជានេះហាមឃាត់បុគ្គលគ្រប់រូបមិនឱ្យដើរចូល ឬរក្សាវត្តមាននៅទីសាធារណៈដែលធ្លាប់កើតមានអំពើកុប្បកម្មកាលពីថ្ងៃសៅរ៍នោះទេ ហើយក៏មិនអនុញ្ញាតឱ្យដើរចូលម្ដុំហាងលក់ទំនិញ Les Halles ដែលធ្លាប់ទទួលរងការលួចឥវ៉ាន់នោះដែរ។ បម្រាមគោចរនេះចាប់អនុវត្តពីម៉ោង១១យប់ថ្ងៃចន្ទរហូតដល់ម៉ោង៦ព្រឹកថ្ងៃអង្គារ។ បន្ថែមពីលើនេះ ការប្រមូលផ្ដុំគ្នា និងការហែបាតុកម្មត្រូវហាមឃាត់ជាដាច់ខាតចាប់ពីម៉ោង៨យប់តទៅ។ នេះបើយោងតាមនគរបាលនៅទីក្រុងប៉ារីស។

នាយករដ្ឋមន្ត្រីបារាំង លោកឡឺគ័រនូ អំពាវនាវឱ្យមានបម្រាមគោចរមានកម្រិតកំណត់ និងធ្វើឡើងនៅតាមទីតាំងដែលកំណត់ទុក។ នៅប្រទេសបារាំងភាគខាងជើង អាជ្ញាធរមូលដ្ឋានដាក់បម្រាមគោចរមិនឱ្យកុមារ និងយុវជនក្រោមអាយុ១៨ឆ្នាំនៅទីក្រុងមួយចំនួនធ្វើដំណើរចេញក្រៅផ្ទះទេ ដោយអនុវត្តចាប់ពីថ្ងៃចន្ទ និងថ្ងៃបន្តបន្ទាប់គ្នារយៈពេល២ថ្ងៃចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៦ព្រឹក។ ទីក្រុងនីស (Nice) ក៏ដាក់ចេញបម្រាមគោចរផងដែរសម្រាប់អនីតិជន។ ចាប់ពីម៉ោង៩យប់តទៅមិនអនុញ្ញាតឱ្យធ្វើដំណើរទេ។

លោកឡឺគ័រនូបាននិយាយការពារចំណាត់ការរបស់នគរបាលដើម្បីចាត់វិធានការដោះស្រាយបញ្ហាអនាធិបតេយ្យនេះ។ លោកថាទោះបីមានការប្រព្រឹត្តអំពើហិង្សានៅក្នុងទម្រង់ធ្ងន់ធ្ងរ និងការខូចខាតទ្រព្យសម្បត្តិយ៉ាងណាក្ដី ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ទេ។ លោកថានេះជារឿងអព្ភូតហេតុមួយ។ កាលពីមុននេះ រដ្ឋមន្ត្រីមហាផ្ទៃស្នើសុំលាលែងពីតំណែងដោយសារមិនអាចដោះស្រាយ និងទប់ស្កាត់អំពើបះបោរនេះឱ្យបានល្អ។ ទោះជាយ៉ាងណាក្ដី លោកម៉ាក្រុងមិនយល់ព្រមតាមសំណើនេះទេ។ លោកចង់ឱ្យរដ្ឋមន្ត្រីរូបនេះបន្តធ្វើការដើម្បីពង្រឹងការអនុវត្តច្បាប់នៅក្នុងកាលៈទេសៈនេះ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ