ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ADB សាទរភាព​ជោគជ័យ​គម្រោង “​ជំនាញ​សម្រាប់​ភាព​ប្រកួតប្រជែង​” និង​ពង្រីក​ការ​គាំទ្រ ដើម្បី​បន្ត​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ី​ស៊ូ​គិ តាជី​ម៉ា (Eisuke Tajima) ប្រធាន​ការិយាល័យ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ធនធានមនុស្ស ​នៃ​ទីស្នាក់ការ​កណ្តាល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​បំពេញបេសកកម្ម​នៅ​កម្ពុជា​។ ជំនួប​នេះ​មាន​គោលបំណង​ពិគ្រោះ​យោបល់​កម្រិត​ប្រទេស ស្តី​ពី​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​សង្គម​, បង្ហាញ​វឌ្ឍនភាព​ប្រកបដោយ​ជោគជ័យ ​នៃ​គម្រោង “​ជំនាញ​សម្រាប់​ភាព​ប្រកួតប្រជែង​” (S4C) និង​ពិភាក្សា​ពី​វឌ្ឍនភាព​ នៃ​ការ​អនុវត្ត កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត (SFESDP)​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក អ៊ី​ស៊ូ​គិ តាជី​ម៉ា និង​គណៈប្រតិភូ ADB ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ADB សម្រាប់​ភាព​ជា​ដៃគូ​យូរអង្វែង ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ជា​ពិសេស​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ តាម​រយៈ​វិស័យ TVET​។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​កម្រិត​ជាន់ខ្ពស់ ដែល​បញ្ជាក់​ជា​ថ្មី​ពី​តួនាទី ADB ជា​ដៃគូ​ស្នូល​ក្នុង​ការ​ជំរុញ​របៀបវារៈ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា និង​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ឯកឧត្តម ​បាន​លើក​ឡើង​ពី​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ADB ដែល​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនាញ​បច្ចេកទេស​ដ៏​មាន​តម្លៃ ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង តាម​រយៈ​គម្រោង “​ជំនាញ​សម្រាប់​ភាព​ប្រកួតប្រជែង​” ជា​ពិសេស នៅ​ពេល​ដែល​គម្រោង​ឈាន​ទៅ​ដល់​បញ្ចប់​ត្រឹម​ខែតុលា​នេះ ក្រសួង​មាន​សេចក្តី​រីករាយ ​ដែល​គម្រោង​នេះ ត្រូវ​បាន​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​វាយតម្លៃ​ថា “​ទទួល​បាន​ជោគជ័យ​” នៅ​ក្នុង​សេចក្តី​ព្រាង​របាយការណ៍​បញ្ចប់​គម្រោង​ ។

ឯកឧត្តម​ ក៏​បាន​បង្ហាញ​ពី​វឌ្ឍនភាព ​នៃ​កម្មវិធី SFESDP ដែល​ជា​ស្នូល​ក្នុង​ការ​កែទម្រង់ TVET សម្រាប់​តម្រង់​ទិស​ទៅ​អនាគត ខណៈ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ចាក​ចេញពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង​បន្ត​អនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ ​ដែល​មាន​ទិស​ដៅ​ទាក់ទាញ​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ផ្អែក​លើ​ចំណេះដឹង និង​បច្ចេកវិទ្យា​។ ដើម្បី​ត្រៀម​រៀបចំ​ផែនការ​គម្រោង​អភិវឌ្ឍ​ជំនាញ​សម្រាប់​ឆ្នាំ​២០២៨ ក្រសួង​បាន​បញ្ជាក់​ជា​ថ្មី ​នូវ​ការ​ត្រៀមខ្លួន​ក្នុង​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ដោយ​ប្តេជ្ញា​ជំរុញ​គម្រោង​នា​ពេល​អនាគត សំដៅ​ធ្វើ​ទំនើប​កម្មវិស័យ TVET និង​លើកកម្ពស់​ចំណេះដឹង​ឌី​ជី​ថ​ល ដើម្បី​ធានា​ថា យុវជន​កម្ពុជា​មាន​ជំនាញ និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​សេដ្ឋកិច្ច​ ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​នា​ពេល​អនាគត​ ។

លើស​ពី​នេះ ការ​វិនិយោគ​របស់ ADB ក៏​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គ្រឹះស្ថាន TVET និង​សម្រេច​បាន​លទ្ធផល​លេចធ្លោ​ជា​ច្រើន រួម​ទាំង​ការ​អនុវត្ត​ដោយ​ជោគជ័យ​ នូវ​គម្រោង​សាកល្បង​ស្តី​ពី​ការ​បណ្តុះបណ្តាល​នៅ​កន្លែងធ្វើការ (WBL)​។ ឯកឧត្តម​គូសបញ្ជាក់​ថា ដើម្បី​ធានា​និរន្តរភាព​ នៃ​ផលប្រយោជន៍​ពី​ការ​វិនិយោគ​ទាំងនេះ រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​បែងចែក​ថវិកាជាតិ​ចាប់ពី​ឆ្នាំ​២០២៧ តទៅ​ដើម្បី​បន្ត​គាំទ្រ​កម្មវិធី​សញ្ញាបត្រ ​ដែល​ទើប​បង្កើត​ថ្មី និង​គំនិត​ផ្តួចផ្តើម ​ស្តី​ពី​ការ​បណ្តុះបណ្តាល​នៅ​កន្លែងធ្វើការ ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ពាក់ព័ន្ធ​នានា ដែល​នឹង​ជួយ​គាំទ្រ​តម្រូវការ​ជំនាញ​ដែល​កំពុង​ពេញ​និយម ដូច​ជា ស្វ័យប្រវត្តិកម្ម ជំនាញ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​យានយន្ត​អគ្គិសនី (EV)​ ។

ឯកឧត្តម ​បាន​ថ្លែងអំណរគុណ ADB ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​កម្ពុជា ហើយ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ ដើម្បី​ធានា​ការ​អនុវត្ត​កម្មវិធី​ ដែល​កំពុង​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​រៀបចំ​គំនិត​ផ្តួចផ្តើម​នា​ពេល​អនាគត​ឱ្យ​បាន​ទាន់​ពេលវេលា ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ ​នៃ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​កម្ពុជា​ ។

ជា​ការ​ឆ្លើយ​តប លោក អ៊ី​ស៊ូ​គិ តាជី​ម៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​រដ្ឋមន្ត្រី ​ដែល​បាន​បង្ហាញ​ពី​ទស្សនវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​កម្ពុជា ព្រមទាំង​បាន​កោតសរសើរ​ពី​វឌ្ឍនភាព ​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង ADB និង​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​។ តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​តាម​គ្រឹះស្ថាន TVET លោក​បានឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បណ្តុះបណ្តាល​ ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ចូលរួម ដើម្បី​បង្កើន​ចំណេះដឹង និង​ឱកាស​ការងារ​ដល់​សិក្ខាកាម​។ ដោយ​មើលឃើញ​ពី​កិច្ច​ខិតខំ​យ៉ាង​សកម្ម​របស់​ក្រសួង ភាគី ADB បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​ក្នុង​រយៈពេល​វែង​ ៕