ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧទ្យាន​នុ​រក្សដែនជម្រកសត្វព្រៃ​ស្រែ​ពក ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​រំលំ​ដើមឈើ​យក​សត្វស្វា

2 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ កម្លាំង​មន្ត្រី​ឧទ្យាន​នុ​រក្ស និង​ភ្នាក់ងារ​ល្បាត នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក សរុប​ចំនួន ១២រូប (​ភ្នាក់ងារ​ល្បាត ៨រូប​) បាន​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ភ្លាម​ៗ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦នេះ បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​កាន់​ស្នាក់​ការ​ណាំ​រ៉ា​ម ​។

យោង​តាម​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង៨:៣០នាទី​ព្រឹក បានឱ្យ​ដឹង​ថា មាន​សកម្មភាព​កាប់​រំលំ​ដើមឈើ​ដើម្បី​កាត់​យក​ស្វា ​នៅ​ចំណុច​ដៃ​អូរ​ជី​មី​ស ស្ថិត​ក្នុងភូមិ​ពូ​ជ្រៃ​ចុង​ផាង(​ដេ​អេ​) ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម ក្រុមការងារ​បាន​ចេញ​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក និង​បាន​ទៅ​ដល់ទី​តាំង​កើតហេតុ​នៅ​វេលា​ម៉ោង ១០:៣៥នាទី​ព្រឹក​នា​ថ្ងៃ​ដដែល ​។

តាម​ការ​ពិនិត្យ និង​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ជុំវិញ​កន្លែង​កើតហេតុ ក្រុមការងារ​ពុំ​បាន​ជួប​ប្រទះ​ឃើញ​ជនសង្ស័យ​នោះ​ឡើយ ដោយ​ជនល្មើស​បាន​គេចខ្លួន​បាត់ ប៉ុន្តែ​នៅ​ទីតាំង​នោះ​មាន​បន្សល់​ទុក​នូវ​ស្លាកស្នាម និង​ដាន​នៃ​ការ​កាត់​រំលំ​ដើមឈើ​ថ្មី​ៗ​ជា​ច្រើន​ដើម ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​គូសបញ្ជាក់​អំពី​ផល​លំបាក​របស់​មន្ត្រី​ជំនាញ​ក្នុង​ការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថា​៖ «​ការ​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់ការពារធម្មជាតិ​ជួប​ប្រទះ​នូវ​ផល​លំបាក​ជា​ច្រើន ដោយសារ​ភូមិសាស្ត្រ​មាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ ផ្លូវ​ធ្វើ​ដំណើរ​លំបាក​ស្មុគស្មាញ ជា​ពិសេស​នៅ​រដូវវស្សា​។ បន្ថែម​ពី​នេះ ជនល្មើស​តែងតែ​លួច​ធ្វើ​សកម្មភាព​នៅ​តាម​តំបន់​ឆ្ងាយ​ៗ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ពួក​គេ​តែងតែ​គេចខ្លួន​ភ្លាម​ៗ​នៅ​ពេល​ដឹង​ថា​មន្ត្រី​ចុះ​ទៅ​ដល់​។ ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ឧទ្យាន​នុ​រក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ នៅ​តែ​ខិតខំ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ការ​ល្បាត ទប់ស្កាត់ និង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនល្មើស មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ដោយ​មិន​លើកលែង​ឡើយ​»​។

បច្ចុប្បន្ន ក្រុមការងារ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កំពុង​បន្ត​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​បន្ថែម ដើម្បី​កំណត់​មុខសញ្ញា​ជនល្មើស និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕