ឥណ្ឌា-កម្ពុជា ចុះMoU លើគម្រោងផ្តល់ផលរហ័ស សម្រាប់បោសសំអាតមីនមនុស្សធម៌ នៅខេត្តពោធិ៍សាត់
- ពោធិ៍សាត់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ ស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន – CMAA) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) សម្រាប់ការអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project – QIP) ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីនមនុស្សធម៌ ស្ថិតនៅក្នុងភូមិម៉ល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នៅក្នុងពិធីចុះហត្ថលេខានោះ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងបន្តបន្ទាប់រវាងឥណ្ឌា និងកម្ពុជា លើវិស័យបោសសំអាតមីន ។ លោកបានកត់សម្គាល់ថា សកម្មភាពបោសសំអាតមីនមនុស្សធម៌ មិនមែនត្រឹមតែជាការដកហូតនូវគ្រោះថ្នាក់ ដែលបង្កប់នៅក្នុងដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកឱកាស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពរស់នៅ និងការធានានូវអនាគតមួយ ដែលកាន់តែមានសុវត្ថិភាព និងវិបុលភាពសម្រាប់សហគមន៍មូលដ្ឋាន ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម បណ្ឌិត លី ធុជ បានសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់ដៃគូសហប្រតិបត្តិការដ៏យូរអង្វែង ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ឥណ្ឌា ជូនដល់ជនរងគ្រោះដោយសារគ្រាប់មីន តាមរយៈគំនិតផ្តួចផ្តើម “India for Humanity” ដែលបានជួយដល់ជនពិការ ដោយសារគ្រាប់មីននៅកម្ពុជារាប់រយនាក់ ឱ្យទទួលបានមកវិញនូវសមត្ថភាពក្នុងការផ្លាស់ទី វិបុលភាព និងឱកាសក្នុងការកសាងជីវភាពរស់នៅ ប្រកបដោយផ្លែផ្កា ផងដែរ ។

សូមជម្រាបថា គម្រោងនេះ ក្រោមការគាំទ្រនៃក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័សរបស់ឥណ្ឌា នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពមីនថ្នាក់ជាតិរបស់កម្ពុជា ដោយបោសសំអាតផ្ទៃដីដែលមានការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ១៦៣,២០៧ ម៉ែត្រការ៉េ នៅក្នុងភូមិម៉ល ។ គំនិតផ្តួចផ្តើមនេះ រំពឹងថានឹងផ្តល់ប្រយោជន៍ ដល់ប្រជាពលរដ្ឋប្រមាណ ១,៤០៣ នាក់ (ស្មើនឹង ៣៦៩ គ្រួសារ) ដោយស្តារឡើងវិញនូវសុវត្ថិភាពដីធ្លី សម្រាប់ការបង្កបង្កើនផលកសិកម្ម ការសាងសង់លំនៅឋាន និងការអភិវឌ្ឍសហគមន៍ ។ គម្រោងនេះក៏រួមបញ្ចូលទាំងការអប់រំផ្សព្វផ្សាយ អំពីហានិភ័យនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីលើកកម្ពស់ការយល់ដឹង និងធានាសុវត្ថិភាពដល់សហគមន៍មូលដ្ឋានផងដែរ ។
ការចុះ MoU នាពេលនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិសុខមនុស្សជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពរបស់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារបេតិកភណ្ឌនៃគ្រាប់មីន ។

គួរបញ្ជាក់ផងដែរថា ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័ស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌា និងអាជ្ញាធរមីន បានអនុវត្តដោយជោគជ័យ នូវគម្រោងបោសសំអាតមីនចំនួន ៤ រួចមកហើយ ។ គម្រោងទីមួយបានជួយបោសសំអាតភូមិចំនួន ៤ ក្នុងខេត្តកោះកុង ដែលផ្តល់ប្រយោជន៍ ដល់ប្រជាពលរដ្ឋជាង ៧,០០០ នាក់ ។ គម្រោងទីពីរនៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង បានបោសសំអាតដីរងការគំរាមកំហែងប្រមាណ ១៩៧,៨១០ ម៉ែត្រការ៉េ ដោយផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៣,៣០០ គ្រួសារ។ ដោយឡែក គម្រោងផ្តល់ផលរហ័សមួយទៀតដែលកំពុងដំណើរការនៅក្នុងភូមិព្រះអណ្តូង ខេត្តពោធិ៍សាត់ កំពុងមានវឌ្ឍនភាពល្អ និងនឹងបោសសំអាតដីប្រមាណ ២០០,០០០ ម៉ែត្រការ៉េ ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ១,០០០ នាក់ ។
អំឡុងទស្សនកិច្ចរបស់ឯកឧត្តម អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា មកកាន់កម្ពុជា កាលពីឆ្នាំ ២០២២ ប្រទេសឥណ្ឌាបានប្រកាសផ្តល់ជំនួយពិសេស ដើម្បីគាំទ្រដល់ការបោសសំអាតមីនមនុស្សធម៌ នៅក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង ។ ជាការគួរឱ្យកត់សម្គាល់ ស្រុកបទុមសាគរ ស្រុកស្រែអំបិល និងឃុំត្រពាំងរូង ត្រូវបានប្រកាសជាតំបន់អស់មីនរួចរាល់ហើយ ខណៈដែលស្រុកថ្មបាំង រំពឹងថានឹងសម្រេចបានស្ថានភាពអស់មីន នាពេលឆាប់ៗខាងមុខនេះ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងឥណ្ឌា និងកម្ពុជា ឆ្ពោះទៅកាន់អនាគតដែលគ្មានគ្រាប់មីន ។ ប្រទេសឥណ្ឌា បន្តគាំទ្រកម្មវិធីសកម្មភាពមីនរបស់កម្ពុជាយ៉ាងជាប់លាប់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការផ្តល់ឧបករណ៍បោសសំអាតមីន ការប្រគល់សុនខហិតមីន ជំនួយដល់ជនរងគ្រោះដោយសារគ្រាប់មីន និងថវិកាឧបត្ថម្ភឥតសំណង សម្រាប់គម្រោងបោសសំអាតមីនមនុស្សធម៌ ៕
ចែករំលែកព័តមាននេះ