ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖ ស្ត្រី​វ័យ​៦៥​ឆ្នាំ​ម្នាក់​ចា.ញ់បោ.ក​លុយ​អស់​រាប់​ពាន់​ដុល្លារ ព្រោះតែ​សារ «I love you» ពី Elon Musk ក្លែ.ងក្លាយ

6 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ បុរស​ម្នាក់​មក​ពី​ខេត្ត​អូ​កា​យ៉ា​ម៉ា (Okayama) ប្រទេស​ជប៉ុន ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ក្លែងបន្លំ​ធ្វើ​ជា​កំពូល​មហាសេដ្ឋី​សញ្ជាតិ​អា​មេ​រិ​ក លោក Elon Musk នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បាន​បោកប្រាស់​ស្ត្រី​អាយុ​៦៥​ឆ្នាំ​ម្នាក់ នៅ​ទីក្រុង​កា​មី​អា​ម៉ា​គូ​សា (Kamiamakusa) ខេត្ត​គូ​ម៉ា​ម៉ូតូ (Kumamoto) អស់ ៧០ ម៉ឺន​យ៉េន ឬ​ប្រហែល ៤ ៣០០ ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Japan Today និង TKUofficial ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦​។

ទូរទស្សន៍ NTV បាន​រាយការណ៍​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ខាងលើ មានឈ្មោះ​ថា រ្យូ​យ៉ា អូ​ណូ (Ryoya Ono) អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ទីក្រុង​គូ​រ៉ា​ស៊ី​គី (Kurashiki) ខេត្ត​អូ​កា​យ៉ា​ម៉ា​។

បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​អំឡុង​ខែមីនា ឆ្នាំ ២០២៥ ជនសង្ស័យ​បាន​សហការ​ជាមួយ​បក្សពួក​ម្នាក់​ទៀត ផ្ញើ​សារ​ផ្ទាល់​ចេញពី​គណនី​ក្លែងក្លាយ​មួយ​ទៅ​កាន់​ស្ត្រី​រង​គ្រោះ ដែល​ជា​ចុច​អ្នក​តាមដាន​គណនី​របស់​លោក Elon Musk នៅ​លើ​បណ្តាញ​សង្គម X ហើយ​បាន​លួងលោម​ស្ត្រី​រង​គ្រោះ​ឱ្យទៅ​ប្រើប្រាស់​កម្មវិធី LINE​។ សារ​អស់ទាំង​នោះ​មាន​ខ្លឹម​សារភូត​កុហក​ដូច​ជា «​ខ្ញុំ​ពិតជា​ចូល​ចិត្ត​អ្នក​» «​ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​» «​អ្នក​ត្រូវ​តែ​ស្តាប់​ខ្ញុំ ខ្ញុំ​ត្រូវការ​ឱ្យ​អ្នក​ផ្ញើ​លុយ​ឱ្យ​ខ្ញុំ ៥០ ម៉ឺន​យ៉េន​ឥឡូវនេះ​» និង «​បើ​អ្នកទិញ​កាត​អ្នកគាំទ្រ អ្នក​នឹង​អាច​ជួប​ខ្ញុំ​បាន​ច្រើន​ដង​» ជាដើម​។

ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​បោកប្រាស់​ប្រាក់​ពី​ស្ត្រី​រង​គ្រោះ​សរុប​ចំនួន ៧០ ម៉ឺន​យ៉េន កាលពី​ខែកញ្ញា និង​ខែធ្នូ ឆ្នាំ ២០២៥​។ ស្ត្រី​រង​គ្រោះ​បាន​សង្ស័យ​ថា ខ្លួន​ចាញ់បោក​គេ កាលពី​ខែកញ្ញា ឆ្នាំ ២០២៥ ហើយ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ស្ត្រី​រង​គ្រោះ​នៅ​តែ​បន្ត​ទាក់ទង​ជាមួយ​ក្រុម​ជនសង្ស័យ ហើយ​ក៏​ត្រូវ គេ​បោកប្រាស់​ម្តងទៀត កាលពី​ខែធ្នូ​។

សមត្ថកិច្ច​ជឿ​ថា ជនសង្ស័យ និង​បក្សពួក​បាន​ផ្ញើ​រូបភាព ព្រមទាំង​វី​ដេ​អូ​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា AI ទៅ​ឱ្យ​ស្ត្រី​រង​គ្រោះ ដែល​ធ្វើ​ឱ្យ​គាត់​ជឿ​ស្លុង​ថា លោក Elon Musk មហាសេដ្ឋី​មាន​បំផុត​នៅ​លើ​ពិភពលោក​ពិតជា​ចូល​ចិត្ត​គាត់ និង​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​គាត់​មែន​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​លាតត្រដាង​ថា ស្ត្រី​រូប​នោះ​បាន​ផ្ទេរ​លុយ​សរុប​ដល់​ទៅ ១,៨៥ លាន​យ៉េន ឬ​ជាង ១១ ០០០ ដុល្លារ​អា​មេ​រិ​ក ដូច្នេះ​ប៉ូលិស​កំពុង​ស្វែងរក​ចំនួន​ទឹកប្រាក់​ដែល​នៅ​សល់​ផ្សេង​ទៀត​។

ប៉ូលិស​បាន​បន្ត​ថា ជនសង្ស័យ​បាន​បដិសេធ​ការ​ចោទប្រកាន់​មួយ​ចំនួន ដោយ​និយាយ​ថា ខ្លួន​ពិតជា​បាន​ទទួល​លុយ​មែន ប៉ុន្តែ​មិន​បានដឹង​អ្វី​ផ្សេង​ទៀត​ទេ​។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត​ថា តើ​មាន​ជន​រង​គ្រោះ​ផ្សេង​ទៀត ដែល​ចាញ់បោក​តាម​ទម្រង់​ស្រ​ដៀង​គ្នា​នេះ​ដែរ​ឬទេ?