ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ថា​បើ​អាមេរិក​ឈប់​វា.យ​ប្រ.ហារ​មក​លើ​ខ្លួន ខ្លួន​ក៏​ឈប់​វា.យ​ប្រ.ហារ​​មូល​ដ្ឋាន​អាមេរិក​វិញ​ដែរ

3 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖​ ប្រទេស​អ៊ីរ៉ង់​នឹង​ផ្អាក​សកម្ម​ភាព​វាយ​ប្រហារ​មូល​ដ្ឋាន​នានា​របស់​អាមេរិក​នៅ​តំបន់​មជ្ឈិម​បូព៌ា​ប្រសិន​បើ​អា​មេ​រិក​អនុ​វត្ត​ដូច​គ្នា​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​បន្ទាប់​ពី​យោធា​អាមេរិក​សម្រេច​ចិត្ត​ផ្អាក​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​​ដោយ​សារ​អស់​ទី​តាំង​ដែល​ត្រូវ​វាយ​ប្រហារ​ និង​ម៉្យាង​ទៀត​ មីស៊ីល​របស់​អាមេរិក​ក៏​ប្រើ​ប្រាស់​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្នុង​ឃ្លាំង​​ផង​ដែរ​។ បន្ទាប់​ពី​វាយ​ប្រហារ​អ៊ីរ៉ង់​រយៈ​ពេល​១៣​រាត្រី​ជាប់​គ្នា​ មន្ទីរ​បញ្ចកោណ​សម្រេច​ចិត្ត​ផ្អាក​សកម្ម​ភាព​វាយ​ប្រហារ​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ពេញ​មួយ​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ចន្ទ​នេះ គេ​មិន​បាន​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់​ទេ​។

អ៊ីរ៉ង់​ដែល​វាយ​ប្រហារ​បក​វិញ​រាល់​ពេល​ដែល​អាមេរិក​វាយ​ប្រហារ​មក​លើ​ខ្លួន​នោះ​ក៏​មិន​បាន​វាយ​ប្រហារ​តប​ត​វិញ​ដែរ​អស់​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ​។ មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ខាង​លើ​ប្រាប់​ថា​​​រដ្ឋាភិបាល​ខ្លួន​​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​គឺ​ថា​បើ​ខ្លួន​រង​ការ​វាយ​ប្រហារ​ ខ្លួន​នឹង​វាយ​បក​ទៅ​វិញ​ជា​និច្ច​។ ​ឯក​អគ្គ​​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​ម៉ាយ​វ៉ាល់​ ប្រាប់​ទូរ​ទស្សន៍​ហ្វក់​ និង​សារ​ព័ត៌​មាន​អាមេរិក​ដទៃ​ទៀត​ថា​លោក​ត្រាំ​សម្រេច​ចិត្ត​ផ្អាក​វាយ​ប្រហារ​អ៊ីរ៉ង់​ដើម្បី​យក​ពេល​នេះ​ទៅ​ជជែក​គ្នា​តាម​មធ្យោ​បាយ​ការ​ទូត​វិញ​។ លោក​វ៉ាល់​ថ្លែង​បន្ត​ទៀត​ថា​លោក​ត្រាំ​ចង់​ដក​ឃ្លា​បន្តិច​ដើម្បី​ចរ​ចា​គ្នា​។ លោក​ថ្លែង​តែ​ប៉ុណ្ណេះ​ដោយ​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ទេ​។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មន្ត្រី​យោធា​អាមេរិក​​បាន​ជូន​យោបល់​ទៅ​លោក​ត្រាំ​ថាអាមេរិក​សម្រុក​វាយ​ប្រហារ​អ៊ីរ៉ង់​រយៈ​ពេល​២​សប្ដាហ៍​កន្លង​ទៅ​នេះ​ធ្វើ​ឱ្យ​អាមេរិក​ប្រើ​ប្រាស់​អាវុធ​យុទ្ធ​ភ័ណ្ឌ​អស់​ជា​ច្រើន​ពី​ក្នុង​ស្តុក​។ តាម​ពិត​ អាមេរិក​នៅ​តែ​ដាក់​ជម្រើស​វាយ​ប្រហារ​អ៊ីរ៉ង់​នៅ​លើ​តុ​ដដែល​។ ប៉ុន្តែ​នាយ​អគ្គ​សេ​នា​ធិការ​ចម្រុះ​កង​ទ័ព​អាមេរិក លោក​ដាន់​ខេន បាន​ជម្រាប​ជូន​លោក​ត្រាំ​ថា​អាមេរិក​ប្រសិន​បើ​វាយ​ប្រហារ​អ៊ីរ៉ង់​ត​ទៅ​ទៀត​អាច​នឹង​អស់​អាវុធ​ពី​ក្នុង​ឃ្លាំង រួម​ទាំង​​មីស៊ីល​ការ​ពារ​ដែន​អាកាស​ដែល​ដាក់​ពង្រាយ​នៅ​​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ផង​ដែរ​​។ ​លោក​វ៉ាល់​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​អឹន​ប៊ីស៊ី​ថា​យោធា​អាមេរិក​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​ត្រូវ​ការ​។

ប៉ុន្តែ​នៅ​ពេល​លោក​ភីត​ហេក​សឹត​ឡើង​មក​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​ស្ថិ​ត​នៅ​ក្នុង​ស្ថាន​ភាព​ប្រើ​ប្រាស់​គ្រាប់​រំសេវ​សឹង​តែ​អស់​ពី​ក្នុង​ឃ្លាំង​។ មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​​ដែល​និយាយ​ថា​បើ​អាមេរិក​ឈប់​វាយ​ប្រហារ​ អ៊ីរ៉ង់​ក៏​ឈប់​ដែរ​នោះ​ ប្រាប់​បន្ត​ទៀត​ថា​អ៊ីរ៉ង់​មិន​សង្ឃឹម​ច្រើន​ពេក​ទេ​ថា​ការ​ដែល​លោក​ត្រាំ​សម្រេច​ចិត្ត​ផ្អាក​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​ការ​ចរ​ចា​គ្នា។​ មន្ត្រី​រូប​នេះ​យល់​ថា​មាន​ចំណុច​ដែល​គួរ​​ឱ្យ​មន្ទិល​សង្ស័យ​​ច្រើន​​ជាង​សុទិដ្ឋិ​និយម​នៅ​ក្នុង​បញ្ហា​ផ្អាក​វាយ​ប្រហារ​នេះ​។ នេះអាច​ជា​តាក់​ទិច​របស់​គេ​ច្រើន​ជាង​ការ​ផ្អាក​​វាយ​ប្រហារ​ដោយ​សុទ្ធ​ចិត្ត​។ អ៊ីរ៉ង់​ធ្លាប់​ហែល​ឆ្លង​បទ​ពិសោធ​ជូរ​ចត់​ឆ្អែត​ឆ្អន់​ហើយ​។ នៅ​ទី​បញ្ចប់​ វា​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោតតែ​​ប៉ុណ្ណោះ​៕ ប្រភព៖ Reuters