រាជធានីភ្នំពេញ ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែង នៅទីតាំងដែលយោធាថៃ បានដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំង ដែលយោធាថៃ បានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Thomas Andrews ដែលបានអញ្ជើញមកក្នុងទឹកដីខេត្តបន្ទាយ មានជ័យ ដើម្បីធ្វើការចុះពិនិត្យជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់បងប្អូនជនភៀសសឹក ដែលទទួលរងគ្រោះ ដោយសារការឈ្លានពានរបស់ភាគីថៃ មកលើកម្ពុជា ដែលមកទល់ពេលនេះមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ។
លោកអភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ហើយក៏ជាខេត្ត ដែលទទួលរងគ្រោះ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើទិដ្ឋ ភាពជាច្រើន ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ភាគីថៃ មកលើប្រទេសកម្ពុជា ចំនួនពីរលើក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី ៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល២១ថ្ងៃចុងក្រោយនេះ បានបណ្តាលឱ្យមានប្រជាជន ចំនួនជាង៦ម៉ឺន៤ពាន់គ្រួសារ មនុស្សរាយជាង២១ម៉ឺននាក់ និងកុមារជាង៦ម៉ឺននាក់ ដែលមានទីលំនៅរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានជម្លៀស និងភៀសសឹកមកកាន់ទីកន្លែងសុវត្ថិភាពបណ្តោះអាសន្ន រួមទាំងព្រះសង្ឃផងដែរ។ ក្នុងព្រឹត្តិការណ៍នាពេលនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ស្លាប់ចំនួន៩នាក់ និងរងរបួសជាច្រើននាក់ ខូចខាតលំនៅដ្ឋានវត្តអារាម និងភូមិចំនួន៦ភូមិ ត្រូវបានកងទ័ពថៃ បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធទាំងកម្រោល ល្មើសនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ។ ជាពិសេសកុមារៗ កុមារជាង៦ម៉ឺននាក់ ត្រូវឃ្លាតឆ្ងាយពីការសិក្សាសាលារៀនមួយចំនួន ត្រូវបានបំផ្លាញ ដោយសារយោធាថៃ ប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ស្រោចរំលោភចូល ដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតាមបន្ទាត់ព្រំដែន ។
ជាមួយគ្នានោះដែរលោក Thomas Andrews ក៏បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់អំពីស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ជាទីតាំងមួយក្នុងចំណោមទីតាំង ដែលយោធាថៃ បានដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធយកដី ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានឃើញពីភ័ស្តុតាងជាក់ស្តែង នៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ។
គួរបញ្ជាក់ដែរថា គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់លោក Thomas Andrews មកកាន់កម្ពុជា និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕











ចែករំលែកព័តមាននេះ