ប្រទេសឥណ្ឌា ៖ ប្រឈមមុខនឹងការធ្វើបាតុកម្មតវ៉ារបស់ពួកនិស្សិត ក្រោមការចូលរួមរបស់គណបក្សកន្លាតឥណ្ឌា រដ្ឋមន្ត្រីអប់រំឥណ្ឌាលោកដារមេនដ្រាប្រាដហាន ប្រកាសកាលពីថ្ងៃទី២៥ កក្កដា ពីការសុំលាលែងចេញពីតំណែង ។

ក្នុងថ្ងៃទី៦ នៃការធ្វើបាតុកម្មតវ៉ា រដ្ឋមន្ត្រីរូបនេះបានលាលែង ក្រោយទទួលការចោទប្រកាន់ពីការក្លែងបន្លំមួយចំនួនក្នុងការប្រឡងចូលរៀនសាកលវិទ្យាល័យ ។ បណ្ដាអ្នកគាំទ្រគណបក្សកន្លាតឥណ្ឌា បាននាំគ្នាប្រមូលផ្ដុំនៅក្រុងញូវដែល្លី សម្ដែងការអបអរសាទរ ដែលអាចជួយទម្លាក់រដ្ឋមន្ត្រីរូបនោះ ។
អ្នកតវ៉ាច្រើនពាន់នាក់ដែលប្រមូលផ្ដុំគ្នាតវ៉ាទាំងថ្ងៃទាំងយប់ចាប់តាំងពីថ្ងៃទី២០ កក្កដា មក នៅកណ្ដាលក្រុងញូវដែល្លីបាននាំគ្នាស្រែកហោរ និងទះដៃយ៉ាងកងរំពង ពេលរដ្ឋមន្ត្រីរូបនេះប្រកាសសុំលាលែង ។ ភ្លាមៗតាមបណ្ដាញសង្គមគណបក្សប្រជាជននៃក្រុមកន្លាត CJP ជាលចលនាមួយបង្កើតឡើងចាត់ទុកជាអ្នកនាំពាក្យរបស់ចលនាតវ៉ា បានស្រែកជយោនិងស្រែកថា លទ្ធិប្រជាធិបតេយ្យឈ្នះហើយ ។

ស្ថាបនិកគណបក្សកន្លាត លោកអាបហ៊ីហ្សេតឌីបកេ តាមបណ្ដាញសង្កមលើកឡើងថា យើងអាចធ្វើបានហើយ។ កំហឹងរបស់និស្សិតផ្ទុះឡើងមកពីមានការក្លែងបន្លំខ្លាំង ក្នុងពេលប្រឡងចូលរៀនពេទ្យ ខណៈមានបេក្ខជនដាក់ពាក្យប្រឡងដល់ជាង២លាននាក់ ។ យោងតាមបណ្ដាសារព័ត៌មានក្នុងស្រុកថា លទ្ធផលនៃការប្រឡងនោះត្រូវបានលុបចោលវិញ ក្រោយមានការធ្វើអត្តឃាតរបស់និស្សិតប្រមាណជា២០នាក់ ។
ប៉ូលិសកាលពីថ្ងៃទី២០ កក្កដា បានប្រើដំបង និងឧស្ម័នបង្ហូរទឹកភ្នែកលើបាតុកម្មរបស់យុវជន និងនិស្សិតច្រើនពាន់នាក់ ដែលលើកគ្នាទៅកាន់សភាទាមទារឲ្យរដ្ឋមន្ត្រីអប់រំលាលែងចេញពីតំណែង ។ ក្រោយការលាលែងរបស់រដ្ឋមន្ត្រីរូបនោះ បាតុកម្មតវ៉ាក៏ត្រូវបានបញ្ច្ច្ប់ដែរ ។ អំពើហិង្សាក្នុងបាតុកម្មនោះតាមប៉ូលិសថា បណ្ដាលឲ្យមនុស្ស១៨០នាក់រងរបួសតែតាមពួកបាតុករថាអ្នករបួសមានដល់ច្រើនរយនាក់ ៕



ចែករំលែកព័តមាននេះ